ខេត្តកណា្តល៖ ជនសង្ស័យម្នាក់ បានក្លែងបន្លំឯកសារយកលុយក្រុមហ៊ុនជិត២០០លានរៀល ។ លុះពេលខាងតំណាងក្រុមហ៊ុនស៊ើបដឹង ក៏ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចធ្វើការចាប់ខ្លួន ចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្នុងបុរីពិភពថ្មី ផ្លូវទី៦ ផ្ទះលេខ ៥៦ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ជនសង្ស័យ ដែលបន្លំឯកសារយកលុយក្រុមហ៊ុនចាយនេះ មានឈ្មោះ ផុន ផន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិតារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរ បុគ្គលិកក្រុមហ៊ុនអង្គការ អភិវឌ្ឍន៍សហគមន៍ អាន ពិសិដ្ឋ ។ ចំណែក ដើមបណ្តឹងតំណាងឲ្យក្រុមហ៊ុនមានឈ្មោះ ជា សុថន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ បុគ្គលិកក្រុមហ៊ុន ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ឈ្មោះ ផុន ផន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិតារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ បានមកចូលបម្រើការងារនៅក្នុង ក្រុមហ៊ុនអង្គការអភិវឌ្ឍន៍សហគមន៍ អាន ពិសិដ្ឋ ដែលមានទីតាំងនៅក្នុងបុរីពិភពថ្មី ផ្លូវទី ៦ ផ្ទះលេខ ៥៦ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានមុខងារជាអ្នកដាក់លុយឲ្យអតិថិជន។


ប្រភពបន្តថា ក្រោយមក ដោយមានការបាត់លុយក្រុមហ៊ុនជាច្រើន ក្រោយមកក្រុមហ៊ុន បានត្រួតពិនិត្យ លើបញ្ជីឈ្មោះអតិថិជនដែលឈ្មោះ ផុន ផន បានធ្វើការជាមួយកន្លងមកឃើញខុសប្រក្រតីច្រើនរហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង១០នាទី ក្រុមហ៊ុនបានពិនិត្យបន្តទៀតឃើញថា ឈ្មោះ ផុន ផន បានបន្លំយកលុយក្រុមហ៊ុនអស់ចំនួន ១៦៧.៩១៨.៩០០រៀល (មួយរយហុកសិបប្រាំពីរលាន កៅសិបមួយម៉ឺនប្រាំបីពាន់ប្រាំបួនរយរៀល) គិតចាប់ពីខែមករា ឆ្នាំ២០១៩ មក ក៏ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចធ្វើការចាប់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ផុន ផន បានឆ្លើយសារភាពថា ខ្លួនពិតជាបានរៀបចំឯកសារបន្លំដាក់ឈ្មោះអតិថិជនផ្សេងៗ ដើម្បីដាក់យកលុយពីក្រុមហ៊ុនអង្គការអភិវឌ្ឍន៍សហគមន៍ អាន ពិសិដ្ឋ ពិតប្រាកដមែន ។
ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យជំនាញ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕