ខេត្តក្រចេះ៖ បុរសចំណាស់ល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើក្មេងស្រីទើបតែមានអាយុ១២ឆ្នាំម្នាក់ បានសម្រេចច្រើនលើកឡើងរាប់ភ្លេច លុះពេលរឿងអាស្រូវនេះ បែកធ្លាយដល់ម្តាយក្មេងស្រីរងគ្រោះ ក៏នាំកូនស្រីមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនជនល្មោភកាមនេះ ចាត់ការតាមផ្លូវច្បាប់ តែម្តង។
តាកញ្ចាស់ល្មោភកាម ដែលត្រូវបាននគរបាលស្រុកស្នួល ធ្វើការចាប់ខ្លួននេះ មានឈ្មោះនឹម ផុន អាយុ៧៥ឆ្នាំ រស់នៅភូមិដូនមា ឃុំស្វាយជ្រៈ ស្រុកស្នួល។ ចំណែក ក្មេងស្រីរងគ្រោះនាងទើបមានអាយុ១២ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើជាអ្នកក្បែរខាងគ្នា។


លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា ជនសង្ស័យត្រូវបាននគរបាលចាប់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ដោយចោទប្រកាន់ថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកូនស្រីខ្លួន(ក្មេងស្រីរងគ្រោះ) ជាបន្តបន្ទាប់ច្រើនដងរាប់មិនអស់ មានរយះពេលយូរមកហើយ ។


លោកអធិការ បន្តថា ក្រោយការចាប់ឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពទទួលទោសកំហុសនៅនឹងមុខ នគរបាលថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រីរងគ្រោះ ដោយរំលោភបានសម្រេចជាច្រើនដងមែន។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្នួល កសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕