ភ្នំពេញ ៖ រថយន្តបាញ់បេតុង១គ្រឿង បើកបរក្នុងល្បឿនលឿន ហើយមិនប្រយ័ត្ន បានទៅបុកកៀររថយន្តស៊ីទែនប្រេងឥន្ធនៈ១គ្រឿង ទាំងកម្រោល បណ្តាលឲ្យខ្ទេចកាប៊ីនទាំងស្រុង និងដាច់ទុយោហូរប្រេងពេញផ្លូវ តែសំណាងល្អ ដែលមិនផ្ទុះឆេះ បង្កជាអគ្គិភ័យ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅតាមមហាវិថីឈ្នះ-ឈ្នះ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។


សមត្ថកិច្ច បានឲ្យដឹង គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តស៊ីទែនដឹកប្រេង ឥន្ធនៈរបស់ក្រុមហ៊ុនPTT ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5602 ។ មុនពេលកើតហេតុ គេឃើញរថយន្តដឹកប្រេងនេះ បានបើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបាញ់បេតុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1037 បើកស្របទិសល្បឿនលឿន ទៅបុកកៀររថយន្តស៊ីទែនដឹកប្រេងយ៉ាងពេញទំហឹង បណ្តាលឲ្យធ្លាយហូរប្រេងរថយន្តបាញ់បេតុងហូរពេញផ្លូវ និងខ្ទេចកាប៊ីន ហើយមនុស្សដែលជិះក្នុងរថយន្តចំនួន៣នាក់ បានរងរបួសធ្ងន់ ។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយចាត់ចែងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯរថយន្តទាំង២គ្រឿង សមត្ថកិច្ចធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕