ខេត្តសៀមរាប ៖ មន្ត្រីនគរបាលម្នាក់បើកបរម៉ូតូមិនប្រកាន់ស្តាំ ត្រូវរថយន្តលុចស៊ីសមួយគ្រឿងបើកបរក្នុងល្បឿនលឿន បុកពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៦ ស្តិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ។
ជនរងគ្រោះឈ្មោះ មិត្ត សាំ ភេទប្រុស អាយុ ត្រូវជាមន្រ្តីប៉ូលិស នៅអធិការដ្ឋានស្រុកអង្គរជុំ។


មន្រ្តីនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក លុចស៊ីស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ២AS៤៧៣១ បើកបរដោយជនឈ្មោះមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ បានបុកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប១S១២១៥ បើកបរដោយជនរងគ្រោះឈ្មោះ មិត្ត សាំ ក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ភ្លាមៗនោះអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែង រួចបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកមិនប្រកាន់ស្តាំ។ ចំណែកអ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន៕