ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ លោក ពេជ្រ ស្រស់ គ្រោងដាក់ពាក្យប្តឹងបុរសម្នាក់ឈ្មោះ ហ៊ាង គឹមស្រឿន ដែលបានបង្ហោះសារលើ Facebook ប្រមាថដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពាក់ព័ន្ធករណីអញ្ជើញលោក វ៉ា គឹមហុង បំភ្លឺរឿងព្រំដែនកម្ពុជា-វៀតណាម។


លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា៖ ក្រោយពីលោកពិភាក្សាជាមួយមេធាវីរួច គឺមេធាវី បានសម្រេចឲ្យលោកប្ដឹងបុគ្គលឈ្មោះ Heang Kimsroeun តែម្ដង ដោយបុគ្គលនេះបានប្រមាថយ៉ាងធ្ងន់ធ្ងរមកលើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាពិសេសប្រមាថដល់អង្គព្រះមហាក្សត្រផងដែរ ពីព្រោះយន្តការឧត្តមក្រុមប្រឹក្សានេះគឺអាចដំណើរការទៅបាន ដោយសារតែមានព្រះមហាក្សត្រទ្រង់ អនុញ្ញាតឲ្យដំណើរការ។


កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក ហ៊ាង គឹមស្រឿន បានបង្ហោះសារមួយថា៖ «ចំពោះនាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យលោក វ៉ា គឹមហុង ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជុំវិញការចុះហត្ថលេខា កំណត់ព្រំដែនរវាង កម្ពុជា-វៀតណាម គឺជាការជួបបំភ្លឺដើម្បីបង្គ្រប់កិច្ច និងជាក្រុមអាយ៉ង និងអាចផ្តល់ភាពមិនច្បាស់លាស់ ឬគ្មានបានជាផលវិជ្ជមានណាមួយសម្រាប់ជាតិនៅក្នុងជំនួបនេះឱ្យប្រាកដសោះឡើយ»។
សារដដែលបានបន្តថា៖ «ការជួប និងបំភ្លឺរបស់លោក វ៉ា គឹមហុង គ្រាន់តែជាការរៀបចំឈុតឆាកដែលបានរៀបចំដោយរាជរដ្ឋាភិបាលឯកបក្ស ដើម្បីរៀបចំអោយមាន ឯកឧត្តមមន្ត្រីជើងមិនជាប់ដីក្បាលមិនជាប់មេឃ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបំពេញបន្ថែមបំភ្លេប្រវត្តិសាស្ត្រ ជាតិ និងអន្តរជាតិតែប៉ុណ្ណោះ»។


សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ។
ការអនុញ្ញាតរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដាក់សំណើផ្លូវការមួយជូន សម្តេច ដើម្បីអញ្ជើញ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
កាលពីសប្តាហ៍មុន ភាគីកម្ពុជា និងវៀតណាម បានចុះកិច្ចព្រមព្រៀងចំនួន២ គឺ ១៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង២៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕