ខេត្តកណ្តាល៖ ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងឌុបគ្នា ធ្វើកម្មភាពឆក់កាបូបស្រ្តីម្នាក់បានសម្រេច តែពេលរត់គេចខ្លួន ត្រូវស្រ្តីរងគ្រោះជាម្ចាស់កាបូបបើកម៉ូតូដេញតាមពីក្រោយ និងស្រែកថាចោរៗ! រហូតចាប់ក្របួចបានសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់។
ករណីចោរកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង០៨ និង៤៥នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវជាតិ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។


ស្ត្រីក្លាហានជាម្ចាស់កាបូប មានឈ្មោះស្រ៊ន សុផន ភេទស្រី អាយុ៤១ឆ្នាំ ទីលំនៅភូមិ លេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។ ចំណែក ជនសង្ស័យមានឈ្មោះម៉ៅ ចាន់ណារ៉េត ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ និងម្នាក់ទៀត មានឈ្មោះម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិឃុំមិនស្គាល់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។ ដកហូត ម៉ូតូម៉ាក yamaha Sirius ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-8158 ចំនួន១គ្រឿង (របស់ជនសង្ស័យ) និងកាបូបដៃពណ៌ក្រហមចំនួន០១ (របស់ជនរងគ្រោះ) ។


សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ស្រ្តីរងគ្រោះបានជិះម៉ូតូចេញពីផ្ទះទៅផ្សារតាខ្មៅ តែពេលជិះមកដល់ចំណុចខាងត្បូងស្តុបA9 ចម្ងាយប្រហែល ៥០ម៉ែត្រ ក៏ត្រូវជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូ១ គ្រឿងម៉ាក yamaha sirius ពណ៌ខ្មៅ ធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះ ដោយជនសង្ស័យម្នាក់ឈ្មោះម៉ៅ ចាន់ណារ៉េត ហៅព្រីង ជាអ្នកបើកម៉ូតូ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះម៉ៅ ដែលអង្គុយខាង ក្រោយ ជាអ្នកធ្វើសកម្មភាពឆក់កាបូបដៃពីស្រ្តីរងគ្រោះ ដែលគាត់បានទុកនៅឃ្លុបម៉ូតូខាងមុខ បន្ទាប់ពីឆក់បានហើយ ជនសង្ស័យឈ្មោះម៉ៅបានដកលុយក្នុងកាបូបយកទាំងអស់ ហើយបោះកាបូបនោះចោលរួចនាំគ្នាជិះគេចខ្លួន។


ប្រភពបន្តថា ពេលនោះ ស្រ្តីរងគ្រោះជិះម៉ូតូដេញតាម ហើយស្រែកថាចោរៗ ទើបប្រជាពលរដ្ឋនាំគ្នាជួយដេញចាប់ឃាត់ខ្លួនបានម្នាក់ឈ្មោះម៉ៅ ចាន់ណារ៉េត ហៅ ព្រីងយកមកប្រគល់ជូនសមត្ថកិច្ចចាក់ការតាមនីតិវិធីតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉ៅចាន់ណារ៉េត ហៅព្រីង បានឆ្លើយសារថា ខ្លួននិងបក្ខពួកឈ្មោះម៉ៅ ពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយពីដៃជនរងគ្រោះប្រាកដមែន ។
ជនសង្ស័យខាងលើត្រូវកម្លាំងសមត្ថកិច្ចនាំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមផ្លូវច្បាប់។ រីឯបក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួននាំមកផ្តន្ទាទោសតាមច្បាប់៕