ភ្នំពេញ៖ ស្ត្រីជាម្ចាស់បំណុលម្នាក់ ខណៈទារលុយត្រូវស្ត្រីជាកូនបំណុលដៃឆៅវាយវាយធាត់ឡើងទ្រមខ្លួននៅចំពោះមុខនគរបាលមូលដ្ឋានទៀត។
ករណីហិង្សាស្រ្តីកូនបំណុលវាយស្ត្រីរងគ្រោះជាម្ចាស់បំណុលនេះ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចហាងបាយ និងគុយទាវមួយកន្លែងយីហោយី អ៊ូរីករាយ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ជាប់វត្តអង្គក្រពើ ក្នុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។


ជនដៃដល់ដែលជាកូនបំណុលមានឈ្មោះលី លី អាយុជាង៤០ឆ្នាំ ជាថៅកែហាង អ៊ូរីករាយ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែកស្រ្តីរងគ្រោះឈ្មោះធាវី ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅម្តុំផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជាម្ចាស់បំណុល។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះ(ម្ចាស់បំណុល) បានជិះរថយន្តមួយគ្រឿងទៅទារប្រាក់ពីស្តី្រដៃដល់ជាថៅកែហាង(ស្តី្រកូនបំណុល) ដែលបានជំពាក់១ពាន់ដុល្លារមិនសង។ ពេលស្រ្តីរងគ្រោះទៅដល់ ក៏កើតមានទំនាស់ពាក្យសម្តីគ្នា។ េពេលនោះ ស្រ្តីដៃដល់បានដេញស្ត្រីរងគ្រោះចេញ និងបានទាញកំប៉ុងដាក់ស្លាបព្រាសម និងចង្កឹះគប់ទៅលើស្ត្រីរងគ្រោះជាម្ចាស់បំណុល និងបានយកទឹកជះទៀតផង។
ប្រភពបន្តថា ពេលនោះស្រ្តីដៃដល់មិនទាន់អស់កំហឹង ក៏ចាប់សក់ស្រ្តីរងគ្រោះវាយទាត់ធាក់ បណ្តាលឲ្យរងរបួសទ្រមខ្លួន នៅចំពោះមុខនគរបាលប៉ុស្តិ៍ និងអ្នកព័ត៌មានដែលបានចុះទៅយកព័ត៌មានករណីចរាចរណ៍ ហើយបានចូលហូបបាយក្នុងហាងនោះ។


ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានធ្វើការឃាត់ខ្លួនស្រ្តីដៃដល់ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕