ខេត្តព្រះសីហនុ៖ វេលាម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ លោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ បានឲ្យកម្លាំង និងអូប័រ ចេញប្រតិបត្តិការជួយជនរងគ្រោះ៣នាក់ ករណីឆេះទូកនេសាទ ១គ្រឿង នៅចំណុចមុខផែធំចន្លោះកោះពស់ ក្បែរកោះត្រងោល ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។


សមត្ថកិច្ចប្រាប់ថា ទូកនេសាទ ដែលឆេះនេះ ពណ៌ខៀវ មានប្រវែងទទឹង២.៥ម៉ែត្រ បណ្តោយប្រវែង១២ម៉ែត្រ មានមនុស្សចំនួន៣នាក់នៅលើទូកនេសាទ ដែលរងរបួស ទី១-ឈ្មោះម៉ម ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក, ទី២-ឈ្មោះហៀក បឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ (កូនដៃ) និងទី៣-ឈ្មោះស៊ុន ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទ (កូនដៃ) ។
ជនរងគ្រោះជាម្ចាស់ទូក បានឲ្យដឹងថា មូលហេតុដែលបណ្តាលអោយឆេះទូកនេសាទខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសដាំបាយ ។ ចំណែកសម្ភារៈនេសាទនៅលើទូកខូចខាតទាំងស្រុង ។


ក្រោយកើតហេតុ លោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ បានបញ្ជូនអូប័រចំនួន២គ្រឿង ចេញជួយអន្តរាគមន៍ទាន់ពេលវេលា និងបានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ក្នុងនោះលោកឧកញ៉ាធានាចេញថ្លៃព្យាបាលរបួសទាំងស្រុងដល់ជនរងគ្រោះទាំង៣នាក់ផងដែរ៕