ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

តែទោះបីជាយ៉ាងនេះក៏ដោយ ក៏លោកស័ក្តិ៥ ប្រធានអង្គជំនុំជម្រះ បានបញ្ជាក់ប្រាប់លោកគ្រូអាចារ្យហែម ចៀវ នួន ឌួង និងប៉ាច ឈឺន ដែលសាលក្រមសម្រេចផ្តន្ទាទោសប្រហារជីវិតនោះថា គាត់នឹងបញ្ជូនសំណុំរឿងកាត់ទោសប្រហារជីវិតនេះ ទៅជូនសេនាប្រមុខប៉េតាំង នាយករដ្ឋមន្ត្រីបារាំង ដើម្បីសុំឲ្យបន្ធូរបន្ថយទោសដែរ។

លោកគ្រូអាចារ្យហែម ចៀវ

ក្រោយពីជាប់នៅគុកធំក្នុងទីក្រុងព្រៃនគរ អស់រយៈពេលជាង២ខែ និងក្រោយពីត្រូវតុលាការសឹកបើកសវនាការផ្តន្ទាទោសមក ប៊ុណ្ណ ចន្ទម៉ុល ដែលត្រូវតុលាការសឹកកាត់ទោសឲ្យជាប់គុក រយៈពេល៥ឆ្នាំនោះ ត្រូវបានគេដឹកតាមកប៉ាល់មួយគ្រឿង ជាមួយអ្នកទោសខ្មែរ វៀតណាម មួយចំនួនទៀត យកទៅដាក់គុកនៅកោះក្រឡាច ដែលនៅកណ្តាលសមុទ្រ ឯណោះវិញ។

លោក នួន ឌួង

ចំណែកលោកគ្រូអាចារ្យហែម ចៀវ នួន ឌួង និងប៉ាច ឈឺន អាជ្ញាធរបារាំង មិនទាន់យកទៅប្រហារជីវិតតាមសាលក្រមរបស់តុលាការសឹកនោះដែរ គឺត្រូវជាប់នៅក្នុងគុកធំក្នុងទីក្រុងព្រៃនគរ បន្តទៀត ដើម្បីរង់ចាំការសម្រេចពីសេនាប្រមុខប៉េតាំង នាយករដ្ឋមន្ត្រីបារាំង តាមការស្នើរសុំរបស់តុលាការសឹកបារាំង នៅក្រុងព្រៃនគរ សិន ថាតើត្រូវប្រហារជីវិត ឬត្រូវបន្ធូរបន្ថយទោស។
ចំណែកសឹង ង៉ុកថាញ់ វិញ ពេលនោះបានរត់គេចខ្លួនទៅស្នាក់នៅបណ្តោះអាសន្ននៅទីក្រុងបាងកក ហើយបានផ្ញើរលិខិតមួយទៅលោកតូហ្សូ ( Tojo Hideki ) នាយករដ្ឋមន្ត្រីជប៉ុន ឲ្យជួយធ្វើអន្តរាគមន៍៤ចំណុច គឺ៖
ទី១ សូមឲ្យជួយធ្វើអន្តរាគមន៍ដោះលែងអ្នកទោសខ្មែរដែលបារាំងចាប់ខ្លួន ក្រោយពេលធ្វើបាតុកម្មថ្ងៃទី២០ ខែកក្កដា នោះជាបន្ទាន់។


ទី២ សូមឲ្យកងទ័ពព្រះចៅអធិរាជជប៉ុន ជួយរៀបចំប្រទេសកម្ពុជាឡើងវិញ ដោយសហការគ្នាយ៉ាងជិតស្និទ្ធបំផុតលើវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។
និងទី៤ សូមឲ្យធ្វើការផ្លាស់ប្តូររបៀបរបបដឹកនាំប្រទេស ដោយបង្កើតរដ្ឋាភិបាលថ្មីទាំងស្រុង។
ជាមួយគ្នានេះដែរ សឹង ង៉ុកថាញ់ បានផ្ញើលិខិតមួយទៀត មកអគ្គកុងស៊ុលជប៉ុន នៅទីក្រុងភ្នំពេញ មានខ្លឹមសារថា ប្រសិនបើមេដឹកនាំជប៉ុន យល់ព្រមជួយរៀបចំការគ្រប់គ្រងប្រទេសកម្ពុជាឡើងវិញនោះ គាត់នឹងចាប់ផ្តើមធ្វើសង្គ្រាមឈ្លប បង្កភេវរកម្ម និងបាចខិត្តប័ណ្ណ ប្រឆាំងនឹងបារាំងភា្លម។ ប៉ុន្តែ មេដឹកនាំជប៉ុន មិនមានចម្លើយ ឆ្លើយតបមកគាត់វិញថាយ៉ាងណានោះទេ។

លោក សឹង ង៉ុកថាញ់

នៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៤៣ សឹង ង៉ុកថាញ់ បានជិះយន្តហោះកងទ័ពជប៉ុន ចាកចេញពីទីក្រុងបាងកក ប្រទេសថៃ។ រយៈពេល៤ថ្ងៃក្រោយមក គាត់បានទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយគាត់បានផ្ញើសារមកអ្នកគាំទ្រគាត់នៅក្នុងប្រទេសថា ពួកយើងមានតែរង់ចាំជ័យជម្នះរបស់កងទ័ពជប៉ុននៅអាស៊ីនេះទេ ទើបអាចដោះស្រាយបញ្ហាកម្ពុជាយើងបាន។

លោកតូហ្សូ ( Tojo Hideki ) នាយករដ្ឋមន្ត្រីជប៉ុន

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៤៣ សឹង ង៉ុកថាញ់ បានសរសេរលិខិតមួយផ្ញើមកសហការីរបស់គាត់ ដែលកំពុងតស៊ូនៅក្នុងប្រទេសជាថ្មីម្តងទៀតថា យើងត្រូវសហការគ្រប់ផ្នែកជាមួយកងទ័ពជប៉ុន ដែលនៅក្នុងប្រទេស។ យើងត្រូវបង្ហាញឲ្យជប៉ុន ឃើញថា សត្រូវរបស់យើងម្ខាង គឺបារាំង និងម្ខាងទៀត គឺថៃ ហើយអ្នកដែលគាំទ្រយើង ឬអ្នកជួយរំដោះយើង មានតែជប៉ុន ប៉ុណ្ណោះ។ យើងចង់ឲ្យជប៉ុនជួយ ព្រោះគោលនយោបាយជប៉ុន គឺជាសហប្រតិបត្តិការដោយស្មើភាពគ្នា មិនមែនធ្វើអាណានិគម ឬធ្វើអាណាព្យាបាលដោយអាវុធ ដូចរបៀបរបបចាស់គំរិលរបស់ពួកចក្រពត្តិនិយមបារាំង នោះទេ។

បន្ទាយទាហានជប៉ុន នៅឥណ្ឌូចិន

ជាមួយគ្នានេះ សឹង ង៉ុកថាញ់ បានដាស់តឿនអ្នកដឹកនាំចលនាតស៊ូរបស់គាត់នៅខេត្តបាត់ដំបង ឲ្យធ្វើការទំនាក់ទំនងឲ្យបានល្អ និងជិតស្និទ្ធបំផុត ជាមួយមន្ត្រីស្ថានអគ្គកុងស៊ុលជប៉ុន នៅទីនោះ និងបង្កើតក្រុមចលនាតស៊ូមួយ ដោយយកអគ្គកុងស៊ុលនោះ ធ្វើជាខ្នងបង្អែកផងដែរ៕

ទាហានជប៉ុន និង ទាហានបារាំង នៅឥណ្ឌូចិន