ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្ទាវមួយក្រុមបបួលគ្នាទៅស្រាយគំនុំសងសឹក ទៅកាប់បំផ្លាញម៉ូតូរបស់គូជម្លោះខ្លួនខ្ទេចអស់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាបចាប់បាន៥នាក់ កាលពីវេលាម៉ោង២រសៀល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ក្នុងក្រុងប៉ោយប៉ែត ។


ក្រុមជនបង្កទាំង៥នាក់នោះ រួមមាន៖ ១-ឈ្មោះ សុខ គឹមណង ភេទប្រុស អាយុ១៥ឆ្នាំ ,២-ឈ្មោះ សំ ប៉ី ភេទប្រុស អាយុ១៦ឆ្នាំ ,៣-ឈ្មោះ ថុង ហេង ភេទប្រុស អាយុ១៩ឆ្នាំ ,៤-ឈ្មោះ ប៉ែន ឡុងស៊ាង ភេទប្រុស អាយុ១៥ឆ្នាំ និង៥-ឈ្មោះ ឌី សុខលី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងភ្លើង។ ទាំង៥នាក់ រស់នៅភូមិទួលពង្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។


ជនរងគ្រោះឈ្មោះ វីន អ៊ីចិន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានរៀបរាប់ថា នៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ខ្លួន និងប្អូនប្រុស បានជិះម៉ូតូទៅផ្សារសហគមន៍ដើម្បីទិញស្បែកជើង ពេលពួកខ្លួនចូលដល់ក្នុងផ្សារ ស្រាប់តែមានគេប្រាប់ថា មានក្មេង១ក្រុម បានប្រើពូថៅកាប់ម៉ូតូរបស់ខ្លួនខ្ទេចអស់ហើយ ពេលនោះ ខ្លួនចេញមកមើលម៉ូតូខ្លួន ឃើញក្រុមជនបង្ក កាប់ម៉ូតូរបស់ខ្លួនខ្ទេចអស់មែន ក៍បានដាក់ពាក្យប្តឹងក្រោយទទួលបានពាក្យបណ្ដឹងទៅកម្លាំងជំនាញកងរាជអាវុធហត្ថក្រុង បានចុះធ្វើការស៊ើបអង្កេតឈានដល់ឃាត់ខ្លួនបានចំនួន៥នាក់តែម្ដង។


ក្រោយពីធ្វើការសាកសួរ ជនដៃដល់ឈ្មោះប៉ែន ឡុងស៊ាង បានសារភាពថា ខ្លួនជាអ្នកកាប់ម៉ូតូរបស់ជនរងគ្រោះពិតមែន ដោយម្ចាស់ម៉ូតូនេះធ្លាប់កាប់ម៉ូតូរបស់ក្រុមខ្លួន កាលពីពេលកន្លងមក។
ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕