ខេត្តកណ្តាល៖ ជនសង្ស័យមានគ្នាចំនួន២នាក់ បានធ្វើសកម្មភាពលួចម៉ូតូគេបានសម្រេច ហើយបើករត់គេចខ្លួនដោយសុវត្ថិភាព លុះពេលនាំគ្នាយកម៉ូតូទៅលក់ ក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់ក្របួចជាប់ នាំមកចាត់ការតាមផ្លូវច្បាប់។
ករណីចោរកម្មនេះ បានកើតឡើង តាំងពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជនរងគ្រោះភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល លុះដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យជាចោរលួចម៉ូតូ ត្រូវអស់លក្ខណ៍ជាប់ខ្នោះរបស់សមត្ថកិច្ចនេះ មានឈ្មោះសម វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និងម្នាក់ទៀត មានឈ្មោះហ៊ា គឹមហេង ភេទប្រុស អាយុ២៩ឆ្នាំទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។ ដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដា SCOOPYពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ស្លាក លេខភ្នំពេញ 1BV-8808 ជារបស់ជនរងគ្រោះ។ ចំណែក ជនរងគ្រោះ មានឈ្មោះស្រី ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ មុខរបរបុគ្គលិកក្រុមហ៊ុន ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានចតម៉ូតូទុកនៅមុខផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យឈ្មោះសម វាសនា បានធ្វើសកម្មភាពលួច។ ភ្លាមនោះជនរងគ្រោះឃើញ ស្រែកថាចោរៗ ហើយរត់ដេញតាម តែត្រូវជនសង្ស័យជិះគេចខ្លួនបាត់តែម្តង។ លុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះសម វាសនា បានបបួលជនសង្ស័យឈ្មោះ ហ៊ា គឹមហេង បំណងយកម៉ូតូនោះទៅលក់ ក៏បានជួបនឹងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមល្បាតឃើញបានធ្វើការឃាត់ខ្លួនបានរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
ជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។ រីម៉ូតូសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញ៕