ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ បានឡើងកាប់ស្លឹកត្នោត ដើម្បីឲ្យស្ត្រីជាប្រពន្ធយកមកដេរធ្វើស្លឹកប្រក់ផ្ទះ តែអកុសល ត្រូវសត្វឱម៉ាល់ដែលនៅលើដើមត្នោតនោះ នាំគ្នាព្រួតទិចបុរសរូបនោះគ្មានអាសូរ រហូតដាច់ខ្យល់ស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម នៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាកួន ឃុំពោធិអង្រ្កង ស្រុកបរសេដ្ឋ។
ជនរងគ្រោះដែលត្រូវសត្វឪម៉ាល់ទិចស្លាប់នេះ មានឈ្មោះញ៉ែម សាវឿន អាយុ៥៧ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើតនៅឃុំ-ភូមិកើតហេតុខាងលើ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានសុំច្បាប់សម្រាកពីការងារ ដើម្បីទៅលេងស្រុកជួបជុំប្រពន្ធកូន ។ ពេលទៅដល់ផ្ទះ បុរសរងគ្រោះបានឡើងដើមត្នោត កាប់ស្លឹកឲ្យប្រពន្ធដេរធ្វើស្លឹកប្រក់ផ្ទះ តែអកុសល បុរសរងគ្រោះមិនប្រយ័ត្នបានកាប់ចំសំបុកឱម៉ាល់ ទើបធ្វើឲ្យហ្វូងសត្វឪម៉ាល់ទាំងនោះ នាំគ្នាទិចបុរសរងគ្រោះពេញខ្លួន រហូតសន្លប់បាត់ស្មារតី។
ប្រភពបន្តថា ពេលនោះ ក្រុមគ្រួសារ និងអ្នកភូមិបាននាំគ្នាដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបំណងជួយសង្រ្គោះដែរ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវ ធ្វើឲ្យក្រុមគ្រួសាររន្ធត់ចិត្តជាខ្លាំង រួបបានដឹកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកអាល័យជាពន់ពេក៕