ភ្នំពេញ ៖ បុរស២នាក់ខណៈកំពុងជិះម៉ូតូឌុបគ្នាសុខៗ ត្រូវរថយន្តកុងតឺន័របុកពីក្រោយ និងកិនស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ នៅវេលាម៉ោង០៩និង៤០នាទី ថ្ងៃអង្គារ ទី០៨ ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ។
សពជនរងគ្រោះមានឈ្មោះ វង្ស ពៅ អាយុ ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិត្រពាំងរុន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណ ។
អ្នកទាំង២ ជិះម៉ូតូមួយគ្រឿងម៉ាក អុិចសុិនទ័រពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HI-5293 រីឯរថយន្តបង្ក ជារថយន្តកុងតឺន័រ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-9015 បើកបរដោយបុរសម្នាក់ រត់គេចខ្លួនបាត់ ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំង២ ជិះម៉ូតូមួយគ្រឿងម៉ាក អ៊ិចស៊ិនទ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HI-5293 ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-9015 ជ្រុលចង្កូតទៅបុកម៉ូតូរងគ្រោះពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ ចំណែកឯតៃកុងរថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ ។


ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយក រថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕