ខេត្តកំពង់ធំ៖ ក្មេងប្រុស៤នាក់បងប្អូន បានយកកាំភ្លើងកែច្នៃ (កាំភ្លើងខ្យល់) នាំគ្នាដើរបាញ់សត្វ តែអកុសល បានរាលកៃកាំភ្លើង គ្រាប់ហោះត្រូវគ្នាឯងម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០ និង៣៥នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅតំបន់បុស្សធំ ស្ថិតភូមិភ្លង ឃុំត្បែង ស្រុកកំពង់ស្វាយ ។
ក្មេងប្រុសរងគ្រោះដែលគ្រាប់កាំភ្លើងរាលកៃហោះត្រូវស្លាប់នេះ មានឈ្មោះ ម៉ឹង រ៉េ ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ និងបងប្អូនជីដូនមួយ៣នាក់ទៀត បាននាំគ្នាដើរបាញ់សត្វដោយកាំភ្លើងខ្យល់ លុះពួកគេចេញពីរោងចាំចម្ការស្វាយចន្ទី ប្រហែល៥០ម៉ែត្រ ក៏សប់ខ្យល់បញ្ចូលគ្រាប់ រួចលីកាំភ្លើងដើរបន្តទៅមុខទៀត រហូតដល់ត្រង់ផ្លូវរទេះ ក្មេងប្រុសរងគ្រោះឲ្យកាំភ្លើងទៅប្អូនកាន់ម្តង ហើយក្មេងប្រុសរងគ្រោះចុះចាប់ត្រី នៅក្នុងទឹកត្រពាំង។


ប្រភពបន្តថា ខណៈដែលក្មេងប្រុសរងគ្រោះកំពុងឱនចាប់ត្រី ស្រាប់តែឮសូរសំទ្បេងកាំភ្លើងផ្ទុះ ត្រូវចំក្មេងប្រុសរងគ្រោះ បណ្តាលឲ្យដួលផ្ងារបាត់មាត់ឈឹង ទើបបងប្អូនជនរងគ្រោះ បាននាំគ្នាលើកជនរងគ្រោះពីក្នុងទឹក ហើយក្រុមគ្រួសារបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យបំណងជួយសង្រ្គោះ តែពេលគ្រូពេទ្យពិនិត្យរួច ទើបដឹងថា ជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក៏ដឹកសពជនរងគ្រោះត្រឡប់មកផ្ទះ និងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ មន្ត្រីជំនាញបានចុះទៅធ្វើកោសល្យវិច័យ ឃើញមានស្លាកស្នាមរបួសនៅលើកញ្ចឹង.ក ខាងក្រោយ មានស្នាមរបួសមុតចូលសាច់ទំហំ
១ស.ម ហើយពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីឡើយ ហើយបានធ្វើកំណត់ហេតុប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕