ភ្នំពេញ៖ យុវជន២នាក់ ក្រោយចេញពីកម្មវិធីផឹកស៊ីស្រវឹងជោកជាំបានបើកម៉ូតូឌុបគ្នាបោះពួយយ៉ាងលឿន ហើយខ្វះប្រុងប្រយ័ត្នជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យដួលបោកក្បាលស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល កាលវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចជិតរង្វង់មូលចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។


យុវជនរងគ្រោះដែលបើកម៉ូតូបុកថ្មពុះចែកទ្រូងផ្លូវស្លាប់នេះ មានឈ្មោះ ម៉ន ហេងទី ភេទប្រុស អាយុ២០ឆ្នាំ មុខរបជាងដែក ស្នាក់នៅជំពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិទួលស្រឹង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។


ជនរងគ្រោះដែលរងរបួសស្រាល បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេនិងជនរងគ្រោះ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1P-5912 ចេញពីកម្មវិធីផឹកស៊ីមួយកន្លែង ដោយធ្វើដំណើរតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី ពេលមកដល់ចំណុច កើតហេតុ បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលជនរងគ្រោះជាអ្នកបើកម៉ូតូបោកក្បាល ស្លាប់ភ្លាមៗ ហើយរូបគេជិះខាងក្រោយរងរបួសស្រាល។


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌ ចុះធ្វើកំណត់ហេតុ រួចប្រគល់ឲ្យក្រុមគ្រួសារ ដឹកសព យកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ យកត្រឡប់ទៅវិញ៕