ស្រាវជាវដោយ ឈឹម សេរីភួន ៖

លោកគ្រូអាចារ្យហែម ចៀវ , នួន ឌួង , ប៉ាច ឈឺន , ប៊ុណ្ណ ចន្ទម៉ុល និងអាចារ្យប៉ាង ខាត់ ត្រូវបារាំង ចាប់បញ្ជូនទៅដាក់គុកជាបណ្ដោះអាសន្ននៅក្រុងព្រៃនគរ ដើម្បីឲ្យតុលាការសឹកបារាំង កាត់ទោសតាមច្បាប់ ។
ពេលចូលទៅដល់ក្នុងគុកនោះដំបូង ដូចអ្នកទោសមុនៗដែរ នួន ឌួង បានចូលទៅលុតក្រាបពីចម្ងាយ និងលើកដៃសំពះសុំជ្រកកោនជាមួយអ្នកទោសជាខ្មែរកម្ពុជាក្រោមម្នាក់ដែលបារាំង ចាត់តាំងជាកាប៉ូរ៉ាល់ឲ្យមើលការខុសត្រូវលើអ្នកទោសទាំងអស់នៅក្នុងគុកនោះ។


ដោយមានកងអង្គរក្ស ៤-៥ នាក់ឈរនៅក្បែរផង ប៉ូរ៉ាល់នោះស្រែកសួរនួន ឌួង ថា ហ្អែងមានរឿងអ្វីដែរ បានជាត្រូវជាប់គុក? នួន ឌួង ក៏បានឆ្លើយដោយរាបសារថា បាទទាន! គេចោទខ្ញុំថា៖ជាអ្នកដឹកនាំបះបោរប្រឆាំងនឹងបារាំង……. គ្រាន់តែឮនួន ឌួង ឆ្លើយថាជាអ្នកបះបោរប្រឆាំងបារាំង ភ្លាម កាប៉ូរ៉ាល់ដ៏កំណាចនោះ ស្រែកសំឡុតថា៖ យើស! ហ្អែងហ៊ានបះបោរប្រឆាំងចៅហ្វាយ (បារាំង)ផង រួចហើយ កងអង្គរក្សគេ ៤-៥ នាក់ដែលឈរនៅក្បែរនោះ បាន
ស្ទុះមកវាយទាត់ធាក់នួន ឌួង រហូតដល់សន្លប់បាត់មាត់ឈឹងនៅក្បែរទ្វារចូល។

ព្រះគ្រូអាចារ្យប៉ាង ខាត់

បន្ទាប់មកទៀត គឺដល់វេនលោកគ្រូអាចារ្យ ហែម ចៀវ លោកបានលុតក្រាបពីចម្ងាយ និងលើកដៃសំពះសុំជ្រកកោនជាមួយកាប៉ូរ៉ាល ដ៏មានអំណាចនោះដូចនួន ឌួង ដែរ។ ពេលទៅដល់ក្បែរ ជនកំណាចនោះ ក៏សួរថា៖ អាកញ្ជ្របឯងនេះមានរឿងអ្វីដែរ បានជាត្រូវជាប់គុក? លោកគ្រូអាចារ្យហែម ចៀវ បានឆ្លើយដោយសុភាពរាបសារថា ខ្ញុំបាទជាព្រះសង្ឃទេ ទាន ! ឯម្នាក់កំពុងសន្លប់នេះ ក៏ជាអាចារ្យដែរ គាត់មានរឿងជាមួយខ្ញុំបាទដែរ។ ភ្លាមៗនោះបុរស កំណាច ក៏សួរថា ហ៊ឺស ! បើជាព្រះសង្ឃមែន ហេតុអ្វីត្រូវគេចាប់ជាប់គុក? លោកគ្រូ អាចារ្យហែម ចៀវ ឆ្លើយថា ខ្ញុំបាទធ្លាប់ដើរទេសនាជាច្រើនកន្លែង ហើយឧបាសកឧបាសិកា ចូលចិត្តស្តាប់ខ្ញុំបាទទេសនា ពីបាបបុណ្យគុណទោស ច្រើនណាស់។ តែបារាំងយល់ច្រលំ បែរជាចោទខ្ញុំបាទថា នាំប្រជារាស្ត្របះបោរប្រឆាំងនឹងបារាំងទៅវិញ ទើបគេចាប់ខ្ញុំបានផ្សឹក យកមកដាក់គុកនៅទីនោះ ទាន!។

លោក នួន ឌួង

គ្រាន់តែឮលោកគ្រូអាចារ្យហែម ចៀវ ប្រាប់ថាជាព្រះសង្ឃ ហើយនួន ឌួង ជាអាចារ្យដែរនោះ បុរសកំណាចហាក់ដូចជាទន់ចិត្តបន្តិច ហើយឲ្យលោកគ្រូអាចារ្យហែម ចៀវ រៀបរាប់ពីប្រវត្តិរឿងរ៉ាវចាប់ខ្លួននោះ ឲ្យខ្លួនស្តាប់។
ក្រោយពីលោកគ្រូអាចារ្យប្រើវិធីសាស្ត្រដ៏ប៉ិនប្រសប់ រៀបរាប់តាមដំណើររឿងពីដើមរហូតដល់់ចប់មក ជនកំណាចនោះ ក៏ហាក់ដូចជាកាន់តែទន់ចិត្តថែមទៀត ហើយមិនបានវាយធ្វើបាបលោកគ្រូអាចារ្យហែម ចៀវ បន្តិចណាទេ មិនតែប៉ុណ្ណោះ បានបញ្ជាឲ្យពួកអង្គរក្សខ្លួនទាំង៤-៥ នោះ ជួយរឹត និងធ្វើចលនាឲ្យនួន ឌួង ដែលកំពុងសន្លប់នោះ បានដឹងខ្លួនវិញទៀតផង។


លុះដល់ពេលប៊ុណ្ណ ចន្ទម៉ុល ចូលទៅ ក៏ត្រូវលូនក្រាបពីចម្ងាយ និងសំពះសុំជ្រកកោនជាមួយកាប៉ូរ៉ាល់នោះ ដូចគ្នាដែរ។ លោកគ្រូអាចារ្យហែម ចៀវ ក៏បានប្រាប់ទៅកាប៉ូរាល នោះថា អ្នកដែលចូលមកក្រោយនេះ (ប៊ុណ្ណ ចន្ទម៉ុល) ក៏មនុស្សនៅក្នុងក្រុមដែលរងការចោទប្រកាន់ជាមួយលោកដែរ ។ពេលនោះ ប៊ុណ្ណ ចន្ទម៉ុល ក៏រួចផុតពីការវាយធ្វើបាបរបស់កាប៉ូរ៉ាល នោះយ៉ាងងាយ។
ក្រោយមក ឆ្មាំគុកបាននាំអ្នកទោសខ្មែរទាំង៥នាក់នោះ យកទៅឲ្យតុលាការសឹករបស់បារាំងសួរចម្លើយ ម្នាក់ម្តងៗ ។ អាចារ្យប៉ាង ខាត់ ត្រូវតុលាការសឹកបារាំង សម្រេចឲ្យរូចខ្លួន មិនមានការផ្តន្ទាទោសអ្វីទាំងអស់ ហើយបញ្ជូនឲ្យត្រឡប់ទៅទីក្រុងភ្នំពេញ វិញ។


ដោយឡែក ចំពោះលោកគ្រូអាចារ្យហែម ចៀវ . នួន ឌួង . ប៉ាច ឈឺន និងប៊ុណ្ណ ចន្ទម៉ុល ត្រូវតុលាការសឹកបើកសវនាការផ្តន្ទាទោសចុងក្រោយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤២។ ក្នុងសវនាការចុងក្រោយរបស់តុលាការសឹកបារាំង នៅព្រៃនគរ នោះ មុនដំបូងក្រឡាបញ្ជីបានឡើងធ្វើការចោទប្រកាន់ទៅលើជនជាប់ចោទម្នាក់ម្តងៗ។ បន្ទាប់មកទៀត ទើបលោកស័ក្តិ៥បារាំងម្នាក់ដែលជាប្រធានអង្គជំនុំជម្រះ សួរដេញដោលដល់ជនសង្ស័យ ម្នាក់ម្តងៗ។ លុះសួរចប់ ទើបលោកស័ក្តិ៣បារាំងម្នាក់ទៀតជាតំណាងព្រះរាជអាជ្ញាបានឡើងបង្ហាញភ័ស្តុតាងដើម្បីដាក់បន្ទុកដល់ជនជាប់ចោទ។ បន្ទាប់មក លោកមេធាវីដែលជាជនជាតិបារាំងដែរនោះ បានឡើងលើកហេតុផលផ្សេងៗការពារ និងសុំឲ្យតុលាការដោះលែងជនជាប់ចោទខ្មែរទាំង៥នាក់នោះ ឲ្យវិលត្រលប់ទៅប្រទេសកម្ពុជា វិញ។

វិមានអគ្គទេសាភិបាលបារាំង នៅទីក្រុងព្រៃនគរ

នៅទីបំផុត លោកស័ក្តិ៥ដែលជាប្រធានអង្គជំនុំជម្រះ ក៏បានសួរទៅជនជាប់ចោទទាំងអស់ថា តើមានអ្វីត្រូវតវ៉ាដែរឬទេ? ជនជាប់ចោទទាំងអស់ឆ្លើយថា គ្មានអ្វីតវ៉ាទៀតទេ ទើបអង្គជំនុំជម្រះទាំងមូលនាំគ្នាចូលបន្ទប់ខាងក្នុង ដើម្បីពិគ្រោះយោបល់គ្នាជាសម្ងាត់។

ទីក្រុងព្រៃនគរ សម័យអាណានិគមបារាំង

លុះចេញមកវិញ ក៏ចាប់ផ្តើមប្រកាសសាលក្រម ដោយមានអ្នកបកប្រែភាសាខ្មែរម្នាក់ ជាជំនួយការ។ លោកស័ក្តិ៥ជាប្រធានអង្គជំនុំជម្រះបានហៅឈ្មោះ ប៉ាច ឈឺន មុនគេ ។ ប៉ាច ឈឺន ដែលឈរនៅមុខក្រចកសេះ ឆ្លើយថា “បាទ” ប្រធានអង្គជំនុំជម្រះប្រកាសថា៖ “អ្នកឯងត្រូវផ្តន្ទាទោសប្រហារជីវិត” ។ រួចមក គេហៅឈ្មោះលោកគ្រូអាចារ្យហែម ចៀវ បន្ទាប់មកគឺនួន ឌួង ក៏ត្រូវកាត់ទោសប្រហារជិវីតដែរ។ចុងក្រោយ ក៏ហៅឈ្មោះប៊ុណ្ណ ចន្ទម៉ុល។ ប៊ុណ្ណ ចន្ទម៉ុល ឆ្លើយ “បាទ” ប្រធានជំនុំជម្រះប្រកាសថា អ្នកឯងត្រូវជាប់គុក៥ឆ្នាំ និងនិរទេសមិនឲ្យចូលស្រុកវិញ១៥ឆ្នាំ ទៀត៕