ភ្នំពេញ៖ រយៈពេល៨ខែ សម្រាប់ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ មកកម្សាន្តចំនួន ៤,៣៦០,៣៩៧នាក់ កើនឡើង១០.៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី៧ ខែតុលាកា ឆ្នាំ២០១៩បានឲ្យដឹងថា ក្នុងនោះភ្ញៀវទេសចរ ចូលតាមផ្លូវអាកាសមានចំនួន ៣,១០៤,៤៨៩នាក់ ស្មើនឹង៧១.២% នៃចំនួនភ្ញៀវសរុប ដែលមានកើន១៦.៦%។ភ្ញៀវទេសចរ ចូលតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ១,៤២៧,៤៨៧នាក់ កើន១៤.៧%។ ចំណែកចូលតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានចំនួន១,១៨៨,២៥៤នាក់ ថយចុះ៩.១% និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ៤៨៨,៧៤៨នាក់ កើនឡើង៣៤៣.៥%។

ដោយឡែក ភ្ញៀវទេសចរដែលចូលមកតាមផ្លូវគោក មានចំនួន១,១៦០,៧៤៦នាក់ ស្មើនឹង២៦.៦% នៃចំនួនសរុប ថយចុះ២.៩% និងភ្ញៀវទេសចរចូលតាមផ្លូវទឹកមានចំនួន៩៥,១៦២នាក់ ស្មើនឹង២.២% នៃចំនួនសរុប កើនឡើង២.៩%។គួរបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់៕