ខេត្តកំពង់ធំ ៖ បុរសចំណាស់ម្នាក់ បានយកម៉ូទ័រទៅបូមទឹកនៅមាត់ស្ទឹង ដើម្បីប្រើប្រាស់ តែអកុសល ម៉ូទ័រឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ភូមិគោកទ្រា ឃុំម្សាក្រង ស្រុកស្ទោង។


ជនរងគ្រោះដែលចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះសូទ្រ សឹម ភេទប្រុស អាយុ៦១ឆ្នាំ ស្នាក់នៅភូមិ-ឃុំកើតហេតុ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូទ័រ ទៅបូមទឹកពីក្នុងស្ទឹង ដើម្បីប្រើប្រាស់ តែពេលនោះជនរងគ្រោះមិនប្រយ័ត្ន ក៏ត្រូវចរន្តអគ្គិសនី ឆក់ស្លាប់តែម្ដង ធ្វើឲ្យក្រុមគ្រួសាររន្ធត់ចិត្តជាខ្លាំង ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចសុំអន្តរាគមន៍តែម្តង។


ក្រោយកើតហេតុ សមត្ថកិច្ចចុះត្រួតពិនិត្យសពជនរងគ្រោះ ឃើញថា ជនរងគ្រោះពិតជាចរន្តអគ្គិសនីឆក់ស្លាប់មែន ហើយបានធ្វើកំណត់ហេតុរួច ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕