ខេត្តកណ្តាល៖ កាលពីល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ លោក គឹម រ័ត្នណារិន អនុប្រធាននិងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានចេញដីកាសម្រេចឲ្យសមត្ថកិច្ចឃុំខ្លួនបុរសម្នាក់ដែលចាប់ថើបនារីម្នាក់ទាំងកណ្តាលថ្ងៃត្រង់កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ប្រទូស្តកេរ្តិ៍ខ្មាស” តាមមាត្រា២៤៦ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទឈ្មោះអឿ គីមយាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង។


មន្រ្តីនគរបាលមូលដ្ឋាន បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ស្រ្តីឈ្មោះកែវ ស្រី បានជិះម៉ូតូពីផ្ទះនៅភូមិពោធិ៍កណ្តាលមកផ្ទះឈ្មោះឃុន ណេង ភេទស្រី នៅភូមិពោធិ៍លើ ដើម្បីប្រមូលលុយតុងទីន។ ពេលកំពុងតែឈរនិយាយគ្នាជាមួយស្រ្តីឈ្មោះឃុន ណេង ស្រាប់តែជនត្រូវចោទឈ្មោះអឿ គីមយាង ដើរចូលមកចាប់អោបថើបឈ្មោះកែវ ស្រី ពេលនោះឈ្មោះកែវ ស្រី បានប្រតាយប្រតប់ និងទាញយកខ្សែភ្លើងវ៉ៃទៅលើជនត្រូវចោទ ឲ្យដើរចេញមកផ្លូវធំវិញ ។
ក្រោយពីបានទទួលព័ត៌មានខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនឈ្មោះអឿ គីមយាង មកសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕