ការលង់ទឹក​ គឺបណ្ដាលមកពីអ្នកលេងទឹកភាគច្រើនមិនអាចមើលដឹងពីជម្រៅទឹកហើយ​ដោយ​​មិន​សូវចេះ ឬ​មិនចេះ​ហែលទឹក ដោយទឹក​ជំនន់បក់​បោកខ្លាំង ឬ មានការ​ធ្វេសប្រហែស​មិនបាន​បំពាក់​​ឧបករណ៍​សុវត្ថិភាព​ទៅជាមួយ ទើបងាយ​រងគ្រោះ។ នៅមាន​ការលង់ទឹកដោយសារ​បញ្ហា​សុខភាព​រាងកាយ ដូចជា​មានអាការ​រមួលក្រពើ​ពេលហែល​ដល់ទឹក​ជ្រៅជាដើម។ នៅមាន​ការលង់​ទឹកដោយ​អចេតនា​មួយ ទៀត គឺករណី​ដែលជន​រងគ្រោះ​មានបំណង​ចង់​សម្លាប់​ខ្លួន តែដល់​ពេលថប់​ដង្ហើមខ្លាំង​ទើបខំស្រែក​រកជំនួយ។

ខាងក្រោមនេះជារបៀបអនុវត្តន៏ជួយសង្គ្រោះអ្នកលង់ទឹកឲ្យផុតពីគ្រោះថ្នាក់ប្រកបដោយសុវត្ថិភាព៖

 ១/. ជួយសង្គ្រោះជនរងគ្រោះលង់ទឹកទៅឲ្យផុតពីទឹកដែលមានសុវត្ថិភាព ដាក់នៅលើគ្រែ ឬដីរាបស្មើត្រង់កន្លែងណាដែលមានខ្យល់អាកាសគ្រប់គ្រាន់
/. ព្យាយាមកុំឲ្យមានអ្នកចោមរោមឲ្យសោះ និងដោះសំលៀកបំពាក់យ៉ាងឆាប់រហ័សបំផុត
/. ដាក់ឲ្យជនរងគ្រោះដេកផ្ងារ ដាក់ក្បាលផ្តេកមកចំហៀង ដើម្បីធ្វើឲ្យទឹកធ្វើការហូរចេញពី ក្នុងមាត់ និង ច្រមុះរបស់ជនរងគ្រោះ។ បន្ទាប់មកដាក់ក្បាលរបស់ជនរងគ្រោះ ឲ្យត្រង់មកវិញ។

/. ប្រសិនបើជនរងគ្រោះឈប់ដកដង្ហើម យកម្រាមដៃខ្វេះរំអិល ឬខ្សាច់ ដែលមាននៅក្នុងមាត់ ដើម្បីបើកផ្លូវខ្យល់ និងធ្វើការចាប់ផ្តើមធ្វើការសង្គ្រោះផ្លូវដង្ហើម ដោយការផ្លុំខ្យល់តាមមាត់ភ្លាម ៗ ៥ ដង (៥ វិនាទីម្តង) ចូលទៅក្នុងមាត់របស់ជនរងគ្រោះ ដោយអ្នកត្រូវ ធ្វើការបិទច្រមុះ។ វិធីនេះអាចធ្វើឲ្យខ្យល់ ធាក់ចេញនូវជាតិទឹក ដែលដក់នៅក្នុងផ្លូវដង្ហើម និងសួតរបស់ជនរងគ្រោះបាន កុំរវល់តែខាតពេលព្យាយាមយកទឹកចេញពីសួត ឬក្រពះរបស់ជនរងគ្រោះ (ដូចជាលើកអង្រុន សង្កត់ក្បាលពោះ ចាប់លើកប្រយង់ជាដើម) ប្រសិនបើ អាចទៅរួច ឬផ្លុំតាំងតែនៅក្នុងទឹក ប្រសិនបើជនរងគ្រោះត្រូវការការសង្គ្រោះភ្លាម ៗ ដែលពួកគេកំពុងប្រឈមនឹងការបាត់បង់ជីវិត។
/. បន្ទាប់ពីអ្នកបានផ្លុំខ្យល់ដង្ហើមបាន ៥ ដងហើយនោះ អ្នកត្រូវដាក់ត្រចៀក នៅជិតមាត់របស់ ជនរងគ្រោះ និង ពិនិត្យតាមដានមើលដើមទ្រូង ដើម្បីស្វែងរកសញ្ញា នៃការដកដង្ហើមរបស់ ពួកគេ។

/. ធ្វើការពិនិត្យជីពចរ របស់ជនរងគ្រោះ ធ្វើចលនាបេះដូងភ្លាម ៗ ប្រសិនបើពិនិត្យឍើញថាគ្មានជីពចរ ដោយអត្រា ៣០ ដង ផ្លុំខ្យល់ ២ ដង រហូតជនរងគ្រោះអាចដកដង្ហើមបានដោយខ្លួយឯង ឬពិនិត្យបានជីពចរ (បើជនរងគ្រោះរកដកដង្ហើម ត្រូវឈប់ធ្វើចលនាសិន)។
/. អ្នកមិនត្រូវធ្វើការចាកចេញ នៅពេលដែលជនរងគ្រោះ ចាប់ផ្តើមមានការដកដង្ហើម និង មានការឈ្លក់ទឹកទេ។ ជាការពិត ក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពីការមានគ្រោះថ្នាក់នៃការលង់ទឹកនេះ វាអាចជាពេលវេលា ដែលមានគ្រោះថ្នាក់បំផុត។ ផលវិបាកដែលអាចកើតមានដោយសារការប្រឈមនឹងការឈ្លក់ទឹកនេះ មានដូចជា ការហើមសួត ការរលាករោគ បេះដូងចុះខ្សោយ ដែលអាការទាំងអស់នេះ អាចនឹងកើតមានឡើងនៅក្នុងអំឡុងពេលប៉ុន្មានម៉ោងនេះ។ ដូច្នេះ អ្នកគប្បីត្រូវតែបញ្ជូនជនរងគ្រោះដែលលង់ទឹក ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។
/. ប្រសិនបើជនរងគ្រោះដឹងខ្លួនហើយ ត្រូវគ្របដណ្តប់ខ្លួនប្រាណ ឲ្យបានកក់ក្តៅ ដេកផ្អៀង រវាងការបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យ ត្រូវសណ្តប់ខ្លួនប្រាណឲ្យបានកក់ក្តៅ ប្រយ័ត្មកុំឲ្យត្រូវអាកាសធាតុត្រជាក់ខ្លាំង ៕