ខេត្តស្វាយរៀង៖ បុគ្គលិកខារ៉ាអូខេ ចំនួន២៤នាក់ ក្នុងនោះមានជនជាតិចិន៤នាក់ ពុលមី ប្រកាច់ក្អួតចង្អោរ វិលមុខ បង្កឲ្យមានការភ្ញាក់ផ្អើល កាលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខារ៉ាអូខេ «ហ្វាងថាងល៊ំាងហ្វាន់ស័រ» ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។


បើ ស្រ្តីឈ្មោះ ម៉ន សាកាន អាយុ៤៨ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេខាងលើ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ បុគ្គលិកនៅក្នុងខារ៉ាអូខេខាងលើ បាននាំគ្នាហូបមីលាយជាមួយស្ពៃ។ ក្រោយពីហូបរួច បានប្រមាណជាង១ម៉ោង ធ្វើទុក្ខ មានអាការៈក្អួតចង្អោរ វិលមុខ ថប់ដង្ហើម ។ ភ្លាមៗនោះ មេការខារ៉ាអូខេ ក៏បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅគ្លីនិកឯកជនមួយកន្លែង នៅក្រុងបាវិតតែម្តង។


ប្រភពដដែលបានបន្តទៀតថា រហូតមកដល់វេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បុគ្គលិកចំនួន១៤នាក់ បានចេញពីគ្លីនិក ហើយនៅសល់តែ១០នាក់ទៀតតែប៉ុណ្ណោះ ដែលមិនទាន់បានធូរស្បើយបន្ត នៅសម្រាកព្យាបាលបន្តទៀត។


ទោះបីយ៉ាងណា លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា លោកមិនទាន់ទទួលបានព័ត៌មាននេះទេ ដោយសារតែមន្ត្រីរបស់លោក មិនទាន់បានរាយការណ៍មក។
ចំណែកលោកគ្រូពេទ្យម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ករណីបុគ្គលិកខារ៉ាអូខេ ដែលមកសម្រាកនៅគ្លីនិកនេះ បណ្តាលមកពីពុលអាហារ និងខ្វះអនាម័យ៕