ខេត្តកោះកុង ៖ បុរសល្មោភកាមម្នាក់បានធ្វើសកម្មភាពគាស់ទ្វារផ្ទះអ្នកជិតខាង បំណងចូលចាប់រំលោភក្មេងស្រីម្នាក់ តែត្រូវនាងស្រែកហៅអ្នកជិតខាងឲ្យជួយ បង្កការភ្ញាក់ផ្អើលពេញភូមិ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២យប់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ-ឃុំដងពែង ស្រុកស្រែអំបិល។
ជនល្មោភកាមដែលគាស់ផ្ទះគេ ចូលចាប់រំលោភក្មេងស្រីទាំងកណ្តាលអធ្រាត្រនេះ មានឈ្មោះ កុល ឡាយ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ជ. ទ អាយុ១៤ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះកំពុងតែដេកក្នុងផ្ទះ ក៏ត្រូវបានជនសង្ស័យលួចគាស់ទ្វារចូលបំណងធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនាង តែត្រូវនាងស្រែកផ្អើលអស់អ្នកជិតខាងជួយ ទើបធ្វើឲ្យជនសង្ស័យ ក៏រត់ទៅផ្ទះវិញ លុះដល់ស្អែកឡើង វេលាម៉ោង ១៤ និង៣០នាទីរសៀល ក្មេងស្រីរងគ្រោះ បានធ្វើដំណើរដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដងពែង នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះ កម្លាំងសមត្ថកិច្ចស្រុកស្រែអំបិល បានធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនខឹងជនរងគ្រោះ បំរុងឡើងទៅវាយនាង ។ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕