ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូលឿនពេក ជ្រុលចង្កូតទៅបុកគូថរថយន្ត បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង កាលវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ។

ជនរងគ្រោះ ឈ្មោះ សារួម ណុង ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បើកបរម៉ូតូម៉ាក kavasaki Z.250 ស៊េរីឆ្នាំ2016 ពណ៌ទឺកក្រូច មានពាក់មួកសុវត្ថិភាព។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកបរម៉ូតូមកពីទិសខាងកើតទៅខាងលិចមានល្បឿនលឿន លុះមកដល់ចំណុចកើតហេតុត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០៤២៥ និង០៤២៦ ស្ថិតនៅភូមិព្រៃមាន់ ឃុំរហាល បានជ្រុលចង្កូតទៅបុកគូថរថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿង បើកស្របទិសគ្នាពីកើតទៅលិច បណ្តាលឲ្យបែកមួកសុវត្ថិភាពបោកក្បាលទៅនឹងរថយន្តស្លាប់ភ្លាមៗមួយរំពេច។


ក្រោយពេលកើតហេតុ ភាគីរថយន្តបានបើកគេចខ្លួនបាត់ស្រមោល ។ចំណែកសាកសពរងគ្រោះ បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច ត្រូវបានកម្លាំងនគរបាលជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕