ភ្នំពេញ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណ វ័យប្រហែលជាង៣០ឆ្នាំម្នាក់ស្លាប់នៅក្នុងអណ្ដូងទឹក រហូតមានសភាពហើមស្អុយរលួយទៅហើយ ទើបមានអ្នកដឹង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នេះ ក្នុងដីឡូត៌មួយកន្លែង នៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។


បុរសម្នាក់ឈ្មោះសោ សារ៉ា់ត់ អាយុ៣២ឆ្នាំ ជាអ្នកយាមដីឡូត៌ខាងលើ បាននិយាយថា មុនពេលប្រទះឃើញសាកសព គាត់បានដឹកគោឲ្យស៊ីស្មៅ ហើយពេលទៅដល់ជិតអណ្ដូងទឹកខាងលើ ស្រាប់តែធំក្លិនស្អុយចម្លែកខុសពីធម្មតា ពេលនោះគាត់បានទៅអឺតមើលក្នុងក្នុងអណ្ដូង ស្រាប់ប្រទះឃើញសាកសពបុរសម្នាក់ហើមស្អុយរលួយបាត់ទៅហើយ។ បន្ទាប់មកគាត់បានទៅប្រាប់ដល់ម្ដាយឲ្យបានដឹង រួចបានខលប្រាប់ពូដែលជាមន្រ្តីយោធា ឲ្យជួយរាយការណ៍ទៅជូននគរបាលប៉ុស្តិ៍សំរោងក្រោម ឲ្យចុះទៅពិនិត្យមើលភ្លាមៗ ដែរ។


ក្រោយពេលទទួលបានព័ត៌មានខាងលើ កម្លាំងបានចុះទៅកាន់កន្លែងកើតហេតុធ្វើការពិនិត្យជាក់ស្ដែង ឃើញសាកសពស្លាប់ក្នុងស្ថានភាពស្លៀកតែខោលីអូប៉ុណ្ណោះ ហើយពុំដឹងថា នេះជាករណីឃាតកម្ម ឬបែបណានៅឡើយទេ ។
កម្លាំងប៉ុស្តិ៍សំរោងក្រោម បានរាយការណ៍សុំកម្លាំងនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ដើម្បីបានដឹងថា ជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដទេ ៕