ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

ពេលក្បួនបាតុកម្មធ្វើដំណើរទៅឈប់នៅមុខសណ្ឋាគារឡឺ រ៉ូយ៉ាល់ (Le Royal) ខាងលិចវត្តភ្នំ លោកប៉ាច ឈឺន ដែលជាអ្នកនាំមុខបាតុករ បានចូលទៅជួបមន្ត្រីបារាំង ៣-៤ នាក់ដែលឈរនៅមាត់ជណ្តើរឡើងទៅជាន់លើនៃអគារការិយាល័យទេសាភិបាលជាន់ខ្ពស់បារាំង ដោយរៀបរាប់ពីគោលបំណងនៃការធ្វើបាតុកម្មស្នើសុំឲ្យដោះលែងលោកគ្រូអាចារ្យហែម ចៀវ និង លោកនួន ឌួង វិញ និងសុំជួបពិភាក្សាបញ្ហានេះ ជាទេសាភិបាលជាន់ខ្ពស់បារាំង ផ្ទាល់តែម្តង។
មន្ត្រីបារាំងទាំងនោះ ក៏ប្រាប់លោក ប៉ាច ឈឺន វិញថា តំណាងបាតុករ២ ឬ៣នាក់ អាចអនុញ្ញាតឲ្យចូលជួបទេសាភិបាលជាន់ខ្ពស់បាន។ ឮដូច្នេះ ក្រុមបាតុករដែលនៅឯមាត់របង ចាប់ផ្តើមស្រែកថា ចូលទៅ២ ឬ៣នាក់មិនបានទេ ពួកបារាំងប្រាកដជាចាប់ខ្លួនជាមិនខាន! ។ បន្ទាប់មក ក្រុមបាតុករនាំគ្នាសម្រុកចូល តែត្រូវពួកបារាំងទាញទ្វាររបងបិទជិតមិនឲ្យចូល រួចហើយចាប់លោកប៉ាច ឈឺន ដែលនៅខាងក្នុងស្រាប់ យកទៅក្រោយអគារការិយាល័យទេសាភិបាលជាន់ខ្ពស់បារាំង នោះ បង្ខំឲ្យឡើងលើរថយន្តមួយគ្រឿង បើកចេញទៅតាមទ្វារក្រោយបាត់ទៅ។ពេលនោះ អំពើហិង្សាក៏ចាប់ផ្តើមផ្ទុះឡើង ដោយកម្លាំងប៉ូលិសប្រើដំបងវាយទៅលើក្រុមបាតុករទាំងគ្រហស្ថ ទាំងព្រះសង្ឃ ដើម្បីរារាំង កុំឲ្យក្រុមបាតុករចូលទៅក្នុងបរិវេណការិយាល័យទេសាភិបាលជាន់ខ្ពស់បារាំងនោះបាន។ ឯក្រុមបាតុករក៏បានប្រើដំបង ដុំថ្ម និងកូនតឹង ពិសេសព្រះសង្ឃបានប្រើដងឆត្រធ្វើជាអាវុធវាយ និងចាក់ទៅលើប៉ូលិស វិញ បណ្តាលឲ្យរងរបួសទាំងសងខាងជាច្រើននាក់ ក្នុងនោះគេឃើញមេគិញបារាំង ឈ្មោះប៉្រូស្ហឺតុង បែកក្បាលឈាមហូរជោកអាវសឺមីស ដោយសារត្រូវនឹងកូនតឹងរបស់ពួកបាតុករ។

លោក សឹង ង៉ុកថាញ់

ភ្លាមៗនោះដែរ អាជ្ញាធរបារាំង ក៏បានបញ្ជូនកម្លាំងទាហានជើងក្រហមជាច្រើនរយនាក់ ប្រដាប់ដោយអាវុធគ្រប់ដៃមកជួយអន្ដរាគមន៍កម្លាំងប៉ូលិស ដើម្បីទប់ស្កាត់ និងចាប់ខ្លួនក្រុមបាតុករ។ បាតុករជាច្រើន ត្រូវអាជ្ញាធរបារាំងចាប់បានភ្លាមៗនៅនឹងកន្លែង ឯអ្នកផ្សេងៗទៀតនាំគ្នារត់គេចប្រសេកប្រសាចតែរៀងៗខ្លួន។ ពេលនោះដែរ ក៏មានកងទ័ពជប៉ុន ចំនួន២រថយន្ត បានមកនៅក្បែរកន្លែងកើតហេតុដែរ ប៉ុន្តែមិនបានជួយធ្វើអន្តរាគមន៍ជួយដល់ក្រុមបាតុករទេ ដោយសារតែបាតុកម្មនោះ បានក្លាយជាអំពើហិង្សា ខុសការគ្រោងទុករបស់ពួកគេ ដែលបានពិភាក្សាឯកភាពគ្នាជាមួយលោកសឹង ង៉ុកថាញ់ ថាកុំឲ្យប្រើអំពើហិង្សា តែពួកគេបានប្រើអំពើហិង្សា ទៅហើយ។ទោះបីជាក្រុមបាតុករបានរត់បែកខ្ញែកគ្នាអស់ទៅហើយក៏ដោយ ក៏ពួកបារាំងមិនលើកលែងដែរ ពួកគេតាមចាប់ពួកបាតុករជាបន្តបន្ទាប់ ព្រោះស្គាល់ឈ្មោះ ស្គាល់មុខ និងមានរូបថតជាភ័ស្តុតាងទៀតផង។ លើសពីនេះទៅទៀត ទោះបីអ្នកនោះមិនចូលរួមធ្វើបាតុកម្មក៏ដោយ ឲ្យតែមានឈ្មោះចូលរួមជាមួយចលនាតស៊ូរបស់លោកសឹង ង៉ុកថាញ់ ក៏ត្រូវចាប់ខ្លួនដែរ។


ថ្ងៃធ្វើបាតុកម្ម ២០កក្កដា នោះ លោកជុំ មួង ខ្លាចបែកការណ៍ មិនហ៊ានទៅចូលរួមធ្វើបាតុកម្មទេ គាត់ទៅធ្វើការនៅការិយាល័យដូចធម្មតា តែគាត់ក៏ដេកមិនលក់ដែរ ។ ពេលមាន់រងាវម៉ោង៤កន្លះទៀបភ្លឺ ថ្ងៃទី២១ កក្កដា គាត់បានសរសេរសំបុត្រសុំច្បាប់ ផ្ញើទុកឲ្យគេយកទៅកន្លែងធ្វើការ ដោយកុហកថា សុំច្បាប់ទៅសួរសុខទុក្ខបងប្អូនមានជំងឺជាទម្ងន់នៅឯខេត្តបាត់់ដំបង ដែលថៃកំពុងកាន់កាប់ ឯណោះ។ ពេលទៅដល់ខេត្តពោធិ៍សាត់ លោកជុំ មួង ក៏បានឃើញគិញបារាំង ចាប់បានព្រះសង្ឃជាបាតុករ ២-៣ អង្គ ដែលរត់គេចខ្លួនក្នុងបំណងទៅប្រទេសថៃ បញ្ជូនមកក្រុងភ្នំពេញវិញដែរ។ជាមួយគ្នានោះ មានព្រះសង្ឃជាច្រើនអង្គទៀត ក៏នាំគ្នាគេចខ្លួនទៅខេត្តផ្សេងៗរៀងៗខ្លួន ក្នុងនោះមានព្រះសង្ឃមួយអង្គ គង់នៅវត្តឧណ្ណាលោម ព្រះនាមព្រះគ្រូអាចារ្យ មៀន ជាគ្រូបង្រៀននៅសាលាបាលីជាន់ខ្ពស់ដែរនោះ ក៏បានរត់គេចខ្លួនទៅសម្ងំលាក់ខ្លួនក្នុងវត្តយាយ ទេព ក្នុងខេត្តកំពង់ឆ្នាំង ហើយបានទាក់ទងសម្ងាត់ជាមួយសាខាបក្សកុម្មុនិស្តឥណ្ឌូចិន ដែលកំពុងធ្វើសកម្មភាពនៅក្នុងបាត់ដំបង។ ក្រោយមក អាចារ្យ មៀន នេះក្លាយជាមេដឹកនាំខ្មែរកុម្មុយនិស្ត និងបានដូរឈ្មោះជា សឹង ង៉ុកមិញ វិញ។

ព្រះគ្រូប៉ាង ខាត់

ចំណែកព្រះគ្រូប៉ាង ខាត់ ដែលបានចូលរួមធ្វើបាតុកម្មដែរនោះ ភ័យខ្លួនពេក ក៏រត់ទៅលាក់ខ្លួនពួនសម្ងំក្នុងវត្តពិភទ្ររង្សី (វត្តចិនដំដែក) ហើយនោះ នៅតែមិនបាត់ភ័យទៀត។ ទីបំផុតក៏សម្រេចចិត្តដើរទៅឲ្យបារាំង ចាប់ដោយស្រួលនៅឯក្រសួងធម្មការ ។ព្រះភិក្ខុ ប៉ាង ខាត់ កើតរវាងឆ្នាំ ១៩១០ នៅ ភូមិភ្នំដិល ស្រុកបាធាយ ក្នុងខេត្តកំពង់ចាម។ បិតានាម ប៉ាង និង មាតានាម អុង។ ពេលធំដឹងក្តី បានបួសរៀនក្នុងសំណាក់ពុទ្ធសាសនា ហើយបានប្រឡងជាប់ចូលរៀននៅសាលាបាលីជាន់ខ្ពស់ ។ បន្ទាប់ពីបានសិក្សាចប់នៅសាលាបាលីជាន់ខ្ពស់ ភិក្ខុ ប៉ាង ខាត់ បានធ្វើជាសាស្រ្តាចារ្យភាសាបាលី ជាដំបូងនៅវត្តប្រាង្គ ក្នុងស្រុកឧដុង្គ ។ បន្ទាប់មកទៀត ព្រះភិក្ខុ ប៉ាង ខាត់ បានប្រឡងជាប់ចូលរៀនជាសាស្រ្តាចារ្យបាលីជាន់ខ្ពស់ នៅក្រុងភ្នំពេញ ហើយបានមកស្នាក់នៅវត្តឧណ្ណាលោម ក្នុងកុដិព្រះពោធិ៍វង្ស ហួត តាត ហើយបានក្លាយជាសិស្សគណព្រះពោធិ៍វង្ស ហួត តាត ផងដែរ។
សាលាបារាំងចុងបូព៌ាប្រទេស បានតែងតាំងព្រះអង្គជាសមាជិកឆ្លើយឆ្លង (MEMBRE CORRESPONDANT DE L’ECOLE FRANCAISE D’EXTREME ORIENT) នៅឆ្នាំ ១៩៤៨, ១៩៥១ និងឆ្នាំ ១៩៥៤។

ស្នាដៃព្រះគ្រូប៉ាង ខាត់

ដោយមានចរិតជា សង្ឃជឿនលឿននិយម, ឯករាជ្យនិយម ចង់ឲ្យប្រជាពលរដ្ឋខ្មែរ បានសុខសន្តិភាព ព្រះភិក្ខុ ប៉ាង ខាត់ និង ព្រះសង្ឃមួយចំនួនមានព្រះគ្រូអាចារ្យ ហែម ចៀវ, ព្រះគ្រូអាចារ្យ ខៀវ ជុំ (វត្តលង្កា) ,ព្រះគ្រូអាចារ្យ សូរ ហាយ, ព្រះគ្រូអាចារ្យ អ៊ុក ជា ជាដើម ព្រះអង្គបានចូលរួមជាមួយលោក ស៊ឺង ង៉ុកថាញ់, លោក ប៉ាច ឈឺន, លោក នួន ឌួង, លោក ជុំ មួង, លោក ប៊ុណ្ណ ចន្ទម៉ុល ជាដើម ធ្វើបាតុកម្ម ប្រឆាំងនឹងអាណានិគមបារាំង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ នោះដែរ និងត្រូវបារាំង តាមចាប់ខ្លួនផងដែរ ។

ស្នាដៃព្រះគ្រូប៉ាង ខាត់

បន្ទាប់មកទៀត ព្រះភិក្ខុ ប៉ាង ខាត់ បានក្លាយជាសាស្រ្តាចារ្យ ភាសាសំស្រ្កឹត និង ភាសាបាលី នៅសាកលវិទ្យាល័យព្រះសីហនុរាជ និងជាសាស្រ្តាចារ្យអក្សរសាស្រ្ត និងប្រវត្តិសាសនា ឥណ្ឌា-ខ្មែរ” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងបាននិពន្ធសៀវភៅជាច្រើនផងដែរ រហូតដល់កងទ័ពខ្មែរក្រហមដណ្ដើមបានក្រុងភ្នំពេញ ថ្ងៃ១៧ ខែមេសាឆ្នាំ ១៩៧៥ ពួកវាក៍បានធ្វើគត់ព្រះអង្គតែម្ដងទៅ ៕

ស្នាដៃព្រះគ្រូប៉ាង ខាត់