ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិត្តិយសសូមទូលថ្វាយ សម្ដេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ និងសូមជម្រាបជូន សម្ដេច ឯឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ព្រមទាំង សប្បុរសទាំងជាតិ អន្តរជាតិ សូមព្រះមេត្តា និងមេត្តាជ្រាបថាព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ១៤-១៥ កើត និងថ្ងៃ ១ រោច ខែកត្តិក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបើកឱកាសជូនប្រជារាស្រ្តកំសាន្តសប្បាយរីករាយ និងចូលរួមថែរក្សាឲ្យបានគង់វង្សនូវប្រពៃណីជាតិដែលជាប់ទាក់ទងទៅ នឹងប្រវត្តិសមយុទ្ធនៃកម្លាំងសាមគ្គីកងទ័ពជើងទឹករបស់ខ្មែរ។

នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ នឹងមានទូក និងកីឡាករ កីឡាការិនីទូអុំ ទូកចែវ ជាច្រើនមកពី ក្រសួងស្ថាប័ន អង្គភាព រាជធានី និងគ្រប់ខេត្តចូលរួមប្រណាំងអបអរសាទរហើយក៏បានរៀបចំជារង្វាន់សម្រាប់ជូនដល់ទូកដែលទទួលជ័យលាភីព្រមទាំងរង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករកីឡាការិនីទូកទាំងអស់ផងដែរ។

អាស្រ័យហេតុនេះសូម សម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ព្រមទាំងសប្បុរសជនជាតិអន្តរជាតិសូមព្រះមេត្តា និងមេត្តាជួយឧបត្ថម្ភថវិកា ឬជាសម្ភារៈ មានខោអាវ មួក កន្សែង សារុង ក្រមាភេសជ្ជៈ និងសំភារៈប្រើប្រាស់ផ្សេងៗទៀតដើម្បីបានជូនជារង្វាន់ដល់ក្រុមកីឡាករកីឡាការិនីទូកអុំ ទូកចែវ និងបានចូលរួមចំណែកបម្រើការរៀបចំរាជពិធីបុណ្យប្រពៃណីជាតិយើងឲ្យប្រព្រឹត្តទៅបានយ៉ាងមហោឡារិក អធិកអធមប្រកបដោយបរិយាកាសសប្បាយរីករាយ៕