បាងកក៖ បើតាមការដកស្រង់ការផ្សាយចេញពី BBC នៅល្ងាចថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា៖ ចៅក្រមថៃម្នាក់កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការដកកាំភ្លើងបាញ់ខ្លួនឯង នៅ ក្នុងតុលាការ ក្រោយពីបាននិយាយរិះគន់ប្រឆាំងនឹងប្រព័ន្ធយុត្តិធម៌នៃប្រទេសថៃ ព្រមទាំងរងសម្ពាធពីមន្រ្តីជាន់ខ្ពស់។

ហេតុការណ៍ខាងលើបានកើតឡើងនៅតុលាការក្នុងខេត្ត Yala ភាគខាងត្បូងប្រទេសថៃ ដែលជាតំបន់សម្បូរទៅដោយសកម្មភាព របស់ពួកឧទ្ទាម។ ក្រោយពីបានសម្រេចលើកលែងឲ្យបុរសជនជាតិម៉ូស្លីមសរុបចំនួន៥នាក់ រួចផុតពីការចោទប្រកាន់បទឃាតកម្ម ចៅក្រមឈ្មោះ Kanakorn Pianchana បាននិយាយរៀ បរាប់រិះគន់លើប្រព័ន្ធយុត្តិធម៌របស់ប្រទេសថៃ។

លោក Kanakorn បានលើកឡើងដូច្នេះថា «អ្នកត្រូវការភស្តុតាងដែលជាក់ស្តែងហើយអាចទុកចិត្តបាន ដើម្បីដាក់ទោសនរណា ម្នាក់។ ប្រសិនបើអ្នកមិនប្រាកដទេនោះ គឺកុំដាក់ទោសលើគេឲ្យសោះ។ ខ្ញុំមិនមែនចង់បានន័យថា ជនជាប់ចោទទាំង៥នាក់ មិន បានប្រព្រឹត្តបទល្មើសនោះទេ គឺពួកគេប្រហែលជាបានប្រព្រឹត្តខុសមែន ប៉ុន្តែនីតិវិធីនៃប្រព័ន្ធយុត្តិធម៌ថៃ ត្រូវតែមានតម្លាភាពនិងអាចទុកចិត្ត បាន ខណៈការកាត់ទោសមនុស្សដោយភ័ន្តច្រឡំ គឺមិនគួរកើតឡើងឡើយ»។

គួរជម្រាបថា ក្រោយនិយាយចប់ ចៅក្រមរូបនោះបានសូត្រពាក្យសម្បថនៅចំពោះមុខព្រះ ឆាយ ល័ក្ខណ៍ អតីតស្តេចថៃ រួចទាញ កាំភ្លើងផ្ទាល់ខ្លួនមកបាញ់មួយគ្រាប់ចំដើមទ្រូង។ យ៉ាងណាមិញ វាមិនបានបណ្តាលឲ្យលោកបាត់បង់ជីវិតភ្លាមៗឡើយ ហើយលោក ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យជាបន្ទាន់ ខណៈបច្ចុប្បន្នគឺពុំមានការគំរាមកំហែងដល់អាយុជីវិតទេ។

ទាក់ទងទង្វើគួរឲ្យភ្ញាក់ផ្អើលនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃ មុនពេលបើកសវនាការខាងលើ មានការបង្ហោះសារ លើបណ្តាញសង្គម Facebook ថា លោក Kanakorn ហាក់បានរងសម្ពាធពីមន្រ្តីជាន់ខ្ពស់ឲ្យកាត់ទោសប្រហារបុរសជនជាតិម៉ូស្លីមទាំង៥ នាក់ ដោយទាំងមិនមានភស្តុតាងគ្រប់គ្រាន់៕