ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ បុរសចិត្តធម៌ម្នាក់ ក្រោយពេលដឹងថា ពួកម៉ាកនាំប្រពន្ធខ្លួនទៅរួមរ័កនៅបន្ទប់ជួលមួយកន្លែង បាត់មួយយប់ លុះព្រឹកឡើងប្រពន្ធ បានដឹកដៃប្រពន្ធរបស់ខ្លួនទៅប៉ុស្តិ៍៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ប្រាប់សមត្ថកិច្ចថា បើសិនជាប្រពន្ធរបស់ខ្លួនព្រមទៅរស់នៅជាមួយមិត្តភក្តិលូកថ្លើមមិត្តភក្តិនោះ ខ្លួនមិនរករឿងប្តឹងផ្តល់អ្វីនោះទេ គឺខ្លួនព្រមឲ្យពួកគេទាំង២នាក់ទៅសោយសុខជាមួយគ្នាចុះ។ប្រគល់ប្រពន្ធឲ្យមិត្តគាត់ទៅចុះ ។

នារីជាប្រពន្ធដែលទៅរួមរ័កជាមួយមិត្តភក្តិប្ដីនោះ ឈ្មោះ ខប ដាលិន អាយុ២០ឆ្នាំ មុខរបររត់តុ ស្នាក់នៅបន្ទប់ជួល ជាមួយប្តីនៅម្តុំវត្តទួលទំពូង ផ្លូវលេខ១៤៣ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន។ ចំណែកបុរសជាសាហាយ និងជាមិត្តភក្តិលូកថ្លើមមិត្តភក្តិនោះ ឈ្មោះ នី អាយុប្រហែលជាង២០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅបន្ទប់ជួលម្តុំផ្សារស្ទឹងមានជ័យចាស់ ។

បុរសជាប្តីបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងក្តុកក្តួលថា រូបគាត់ និងបុរសឈ្មោះ នី ជាសាហាយជាមិត្តភក្តិស្រឡាញ់រាប់អានគ្នាជិត១០ឆ្នាំមកហើយ មិនគួរមិត្តភក្តិហ៊ានប្រព្រឹត្អំពើថោកទាបបែបនេះសោះ ។ នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល៨យប់ រូបគាត់ និងប្រពន្ធ រួមទាំងមិត្តភក្តិឈ្មោះ នី នោះ បាននាំគ្នាផឹកស៊ីនៅបន្ទប់ជួលរបស់គាត់ ។ លុះផឹកបានមួយសម្ទុះធំ គាត់ជាប្តីក៍ស្រវឹងបានចូលដេកមុន នៅសល់តែប្រពន្ធ និងមិត្តភក្តិនោះ អង្គុយផឹកជាមួយគ្នាតែ២នាក់។ លុះពេលគាត់ភ្ញាក់ដឹងខ្លួនវិញ ស្រាប់តែបាត់ទាំងប្រពន្ធ បាត់ទាំងមិត្តភក្តិនោះ មិនដឹងទៅណាបាត់។ រហូតព្រឹកឡើងភ្លឺ ទើបឃើញមិត្តភក្តិនោះ ដឹកប្រពន្ធគាត់ត្រឡប់មកបន្ទប់ជួលរបស់គាត់វិញ ។

ដោយមានការសង្ស័យ គាត់ក៍លួងលោមសួរប្រពន្ធថា តើអូនទៅដេកជាមួយនរណាគេយប់មិញ ។ ឯនារីជាប្រពន្ធ មិនលាក់លៀមប្តី ក៍និយាយប្រាប់ប្តីតាមត្រង់ថា នាងទៅដេកជាមួយបង នី ជាមួយពួកម៉ាកបងឯងនៅបន្ទប់គាត់ ម្តុំផ្សារស្ទឹងមានជ័យចាស់ ។
បុរសជាប្តីបានរៀបរាប់បន្តថា គ្រាន់តែឮប្រពន្ធរបស់ខ្លួននិយាយថានាងទៅដេកជាមួយបង នី ជាពួកម៉ាកខ្លួនបែបនេះ គាត់ស្ទើរតែចុកឈាមស្លាប់ តែគាត់ខំទប់អារម្មណ៍ ហើយបានដឹកដៃប្រពន្ធទៅជួបលោកម៉ៅ សាវឿន ប៉ុស្តិ៍៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីរៀបរាប់ពីរឿងរ៉ាវដែលកើតឡើងដូចខាងលើ ។

បុរសជាប្តីបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា បើសិនជាប្រពន្ធរបស់ខ្លួនព្រមទៅរស់នៅជាមួយមិត្តភក្តិលូកថ្លើមមិត្តភក្តិនោះ ខ្លួនមិនរករឿងប្តឹងផ្តល់អ្វីនោះទេ គឺខ្លួនព្រមឲ្យពួកគេទាំង២នាក់ទៅសោយសុខជាមួយគ្នាចុះ។ប្រគល់ប្រពន្ធឲ្យមិត្តគាត់ទៅចុះ ។
តែនៅទីបញ្ចប់ នារីជាប្រពន្ធមិនព្រមទៅរស់នៅជាមួយសាហាយឈ្មោះនី នោះទេ គឺសុខចិត្តបន្តរស់នៅជាមួយប្តីដូចមុនដដែល និងបានសម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់ ចំពោះបុរសឈ្មោះ នី ដែលល្បួងនាងយកទៅរួមរ័កនោះ ៕