បរទេស៖ កាលពីពេលថ្មីៗនេះ គេហទំព័រដេលីមែល បានចុះផ្សាយពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងប្រទេសប៉េរូ ដោយរថយន្តក្រុងមួយគ្រឿង បានដឹកអ្នកដំណើរជាង៥០នាក់ រេចង្កូតធ្លាក់ជំរេលភ្នំកំពស់៩០ម៉ែត្រ ដែលស្ថិតនៅលើភ្នំ Cusco ភាគខាងកើតប្រទេសប៉េរូ កាលពីពេលថ្មីៗកន្លងមកនេះ ។

បើតាមរបាយការណ៍បានឲ្យដឹងថា មានអ្នករងរបួសជាង៣០នាក់ និងអ្នកស្លាប់ចំនួន២៣នាក់នៅនិងកន្លែងកើតហេតុ ចំណែកមូលហេតុនៃគ្រោះថ្នាក់នេះ សមត្ថកិច្ចប្រទេសប៉េរូបានបើកការស៊ើបអង្កេតផងដែរ។

ក្រោយពីការស៊ើបអង្កេតរួចមក សមត្ថកិច្ចបានប្រកាសពីមូលហេតុនៃគ្រោះថ្នាក់រថយន្តក្រុងខាងលើនេះ គឺបណ្តាលមកពីរអិល ព្រោះតែភ្លើងធ្លាក់ខ្លាំងពេកខណៈពេលដែលរថយន្តកំពុងតែបើកឡើងភ្នំ ដោយឡែកប៉ូលិសនិងក្រុមជួយសង្គ្រោះកំពុងតែធ្វើការស្ទូច និងនាំយករថយន្តរងគ្រោះចេញពីកន្លែងកើតហេតុ ប៉ុន្តែមានការលំបាកយ៉ាងខ្លាំង ព្រោះតែភ្លៀងធ្លាក់ខ្លាំងមិនព្រមរាំងសោះ ។

យោងតាមរបាយការណ៍នៃការបង្ហាញទិន្នន័យពីក្រសួង បានឲ្យដឹងថា កំណើនគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៦ ដោយមានមនុស្សស្លាប់ ២,៦៩៦នាក់ ឆ្នាំ២០១៧មានមនុស្សស្លាប់២,៨២៦នាក់ និងឆ្នាំ២០១៨មានមនុស្សស្លាប់រហូតដល់ទៅ៣,២៤៥នាក់ បើគិតជាមធ្យមភាគ ក្នុងមួយថ្ងៃមានមនុស្សស្លាប់៩នាក់ ៕