ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងផ្ដាំផ្ញើទៅប្រជាពលរដ្ឋធ្វើការរាយការណ៍ពីគ្រលុកសំបុកមាន់ តាមរយៈកម្មវិធី ថែទាំផ្លូវ ROAD CARE Mobile App ព្រមទាំងរាយការណ៍ពីករណីការរំលោភបំពានលើចំណីផ្លូវ មានដូចជាការចាក់ដីខ្ពស់ជាងថ្នល់ សាងសង់ផ្ទះ ឬប្រកបអាជីវកម្មផ្សេងៗ ដែលបំពានលើចំណីផ្លូវ ការលើកឡើងបែបនេះ នៅក្នុងកម្មវិធីបើកយុទ្ធនាការ “ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធី ថែទាំផ្លូវ (ROAD CARE Mobile App) ” នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

កម្មវិធីយុទ្ធនាការនេះ សហការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំម្ពុជា (UNDP) ដែលគោល បំណងសំខាន់ គឺដើម្បីប្រកាសចាប់ផ្តើមបើកយុទ្ធនាការ បណ្តុះបណ្តាលមន្រ្តីបច្ចេកទេសពាក់ព័ន្ធទូទាំង ២៥រាជធានី-ខេត្ត ពីបច្ចេកទេសវិធីសាស្រ្តជួសជុល និងថែទាំ ផ្លូវថ្នល់ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ព្រមទាំងចុះផ្សព្វផ្សាយអំពីកម្មវិធី ថែទាំផ្លូវ ដល់សាធារណជន ឱ្យបានកាន់តែទូលំទូលាយ។

នៅចំពោះមុខមន្ត្រី និងមន្ទីរសាធារណការគ្រប់រាជធានី ខេត្ត ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានណែនាំទៅដល់អង្គភាពពាក់ព័ន្ធទាំងអស់ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាព ក្នុងការសាងសង់ ជួសជុល និងថែទាំផ្លូវ ចុះត្រួតពិនិត្យនូវស្ថានភាពផ្លូវថ្នល់ឱ្យបានញឹកញាប់ និងចាត់វិធានការ ដោះស្រាយបញ្ហាផ្លូវខូច ឱ្យបានទាន់ពេលវេលា ថែមទាំងចូលរួមទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់ ដែលជាមូលហេតុធ្វើឱ្យផ្លូវថ្នល់ទទួលរងការខូចខាត មុនអាយុកាល៕