ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៤២ លោកប៊ុណ្ណ ច័ន្ទម៉ុល ដែលមានតួនាទីជាអ្នកនាំសាររបស់មេដឹកនាំចលនាតស៊ូ ត្រូវបានសឹង ង៉ុកថាញ់ ផ្តាំឲ្យទៅជួបគាត់នៅក្នុងបន្ទាយតម្រួតយោធារបស់ជប៉ុន។ ពេលលោកប៊ុណ្ណ ចន្ទម៉ុល ទៅដល់ លោកសឹង ង៉ុកថាញ់ បានបញ្ជាក់ប្រាប់ហើយប្រាប់ទៀតថា ព្រឹកស្អែក (ថ្ងៃទី២០ កក្កដា) ត្រូវតែធ្វើបាតុកម្មឲ្យបាន ហើយព្រះសង្ឃ និងគ្រហស្ថ ដែលចូលរួមធ្វើបាតុកម្ម នោះ ត្រូវមកជួបជុំគ្នានៅក្បែរផ្លូវឌូដា ដឺឡាហ្គ្រេ (សព្វថ្ងៃជាមហាវិថីព្រះនរោត្តម) ត្រង់ខាងក្រោយព្រះបរមរាជវាំង ហើយដង្ហែក្បួនដោយសន្តិវិធី មានរបៀបរៀបរយ និងស្ងៀមស្ងាត់បំផុត មិនឲ្យមានស្រែកឡូឡាអ្វីទេ ដោយគ្រាន់តែមានបដាមួយផ្ទាំងធំនៅមុខក្បួន សរសេរអក្សរថា៖ ” យើងសូមឲ្យដោះលែងលោកគ្រូអាចារ្យហែម ចៀវ និង លោកនួន ឌួង មកវិញ”តែប៉ុណ្ណោះ ហើយនាំគ្នាដើរសំដៅទៅការិយាល័យរបស់លោកទេសាភិបាលជាន់ខ្ពស់បារាំង នៅខាងលិចវត្តភ្នំ។


លោកសឹង ង៉ុកថាញ់ បានបញ្ជាក់ប្រាប់បន្ថែមថា បើប៉ូលិសដេញ ឬវាយ យើងត្រូវស៊ូទ្រាំ អត់ធ្មត់ កុំតបតអ្វីទាំងអស់ ហើយយើងត្រូវអង្គុយរង់ចាំនៅមុខការិយាល័យទេសាភិបាលជាន់ខ្ពស់នោះ រហូតដល់ថ្ងៃរសៀល ។ បើបារាំងមិនព្រមសម្រេចតាមការស្នើរសុំរបស់ពួកយើងទេ ត្រូវនាំគ្នាហែក្បួន បាតុកម្មនោះបន្តទៀត ទៅឈប់នៅមុខបន្ទាយតម្រួយយោធារបស់ជប៉ុន វិញ ដើម្បីស្នើសុំឲ្យជប៉ុនជួយធ្វើអន្តរាគមន៍ ឲ្យបារាំងដោះលែងលោកគ្រូអាចារ្យហែម ចៀវ និង លោកនួន ឌួង វិញ។

លោក នួន ឌួង

ពេលចាកចេញពីបន្ទាយតម្រួយយោធាជប៉ុន វិញ លោកប៊ុណ្ណ ច័ន្ទម៉ុល ក៏យកផែនការដែលលោក សឹង ង៉ុកថាញ់ ដាក់ឲ្យដូចខាងលើនេះ ទៅប្រាប់លោកប៉ាច ឈឺន និងប្រគេនព្រះសង្ឃនៅវត្តលង្កា និងវត្តផ្សេងៗទៀតឲ្យបានដឹង ដោយមិនហ៊ានធ្វេសប្រហែសឡើយ។

លោក សឹង ង៉ុកថាញ់

លុះវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ ព្រះសង្ឃច្រើនរយអង្គ ដែលភាគច្រើននិមន្តមកពីវត្តលង្កា និងវត្តឧណ្ណាលោម និងគ្រហស្ត សរុបទាំងអស់ប្រមាណ ១០០០ នាក់ (ក្នុងនោះមានព្រះសង្ឃប្រមាណ៥០០អង្គ និងគ្រហស្ត ប្រមាណ៥០០នាក់) ក៏ចាប់ផ្តើមហែក្បួនបាតុកម្មតាមផែនការរបស់លោកសឹង ង៉ុកថាញ់ ដោយចេញដំណើរពីក្រោយព្រះបរមរាជវាំង តាមវិថីឌូដា ដឺឡាហ្គ្រេ (សព្វថ្ងៃជាមហាវិថីព្រះនរោត្តម) ឆ្ពោះទៅការិយាល័យទេសាភិបាលជាន់ខ្ពស់បារាំង នៅខាងលិចវត្តភ្នំ តាមការគ្រោងទុក ដោយគ្មានការរារាំងអ្វី ក្រៅតែពីមានពួកគិញបារាំង គិញខ្មែរ និងគិញវៀតណាម តាមឃ្លាំមើលប៉ុណ្ណោះ។

 និវេសនដ្ឋានទេសាភិបាលជាន់ខ្ពស់បារាំង​ នៅក្រុងភ្នំពេញ

ពេលក្បួនបាតុកម្មធ្វើដំណើរទៅឈប់នៅមុខសណ្ឋាគារឡឺ រ៉ូយ៉ាល់ (Le Royal) ខាងលិចវត្តភ្នំ លោកប៉ាច ឈឺន ដែលជាអ្នកនាំមុខបាតុករ បានចូលទៅជួបមន្ត្រីបារាំង ៣-៤ នាក់ដែលឈរនៅមាត់ជណ្តើរឡើងទៅជាន់លើនៃអគារការិយាល័យទេសាភិបាលជាន់ខ្ពស់បារាំង ដោយរៀបរាប់ពីគោលបំណងនៃការធ្វើបាតុកម្មស្នើសុំឲ្យដោះលែងលោកគ្រូអាចារ្យហែម ចៀវ និងលោកនួន ឌួង វីញ និងសុំជួបពិភាក្សាបញ្ហានេះជាមួយទេសាភិបាលជាន់ខ្ពស់បារាំង ដោយផ្ទាល់តែម្តង៕

ព្រះមហាក្សត្រខ្មែរ និងមន្រ្តីជាន់ខ្ពស់បារាំង ក្នុងពិធីសម្ពោធរូបសំណាកនៅសួនច្បាររង្វង់មូល មុខស្ថានទូតបារាំង