ខេត្តរតនគិរី៖ ករណីឃាតកម្មមន្រ្តីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បាញ់សម្លាប់មន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌ ក្នុងហាងកាហ្វេនៅក្រុងបានលង់ កាលពីវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នោះ កើតឡើងដោយសារជនរងគ្រោះជាមិត្តភក្ដិនឹងគ្នាយកប្រពន្ធរបស់ជនសង្ស័យដែលមិនទាន់លែងលះគ្នាដាច់ស្រេចនៅឡើយ ហើយវាយធ្វើបាបនាងទៀត។


ជនដៃដល់ឈ្មោះ នួន មករា ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ដ្រីនគរបាលពាក់ស័ក្កិ២ នៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ចំណែកជនរងគ្រោះឈ្មោះ ផន ទុំ ជាមន្ដ្រីនគរបាលពាក់ស័ក្កិ៣ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជាមិត្តភក្តិនឹងគ្នា។

 

ក្រោយពេលឃាត់ខ្លួន ជនដៃដល់បានប្រាប់សមត្ថកិច្ចថា ខ្លួននិងជនរងគ្រោះជាមិត្តភ័ក្ដនិងគ្នា ហើយពីមុនមកជនរងគ្រោះបានលួចមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធខ្លួន។


លុះដឹងរឿងនេះខ្លួនបានប្រគល់ប្រពន្ធឲ្យទៅជនរងគ្រោះ ដើម្បីឲ្យពួកគេរស់នៅជាមួយគ្នាមានសេចក្ដីសុខនឹងគ្នា។ ប៉ុន្តែ យកប្រពន្ធខ្លួនយូរៗទៅ ស្រាប់តែជនរងគ្រោះវាយធ្វើបាបនាងជាហូរហែ ហើយខ្លួនក៍បានហាមប្រាមជនរងគ្រោះ ម្ដងជាពីរដងថា កុំធ្វើបាបនាង ជនរងគ្រោះមិនព្រមស្ដាប់ រហូតខ្លួនស៊ូទ្រាំទៀតលែងបាន នៅវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ខ្លួនក៍សម្រេចចិត្តបើករថយន្តម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខ 2N-5011 មកឈប់មុខហាងកាហ្វេមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ហើយចុះដើរតម្រង់ទៅរកជនរងគ្រោះដែលកំពុងអង្គុយផឹកកាហ្វេនៅក្នុងហាងនោះ ដកកាំភ្លើងខ្លីបាញ់ជនរងគ្រោះចំក្បាល បណ្ដាលឲ្យជនរងគ្រោះ ដួលធ្លាក់ពីលើកៅអីប្រកាច់ស្លាប់ក្នុងថ្លុកឈាម រួចឡើងរថយន្តបើកចេញអង្គុយផឹកស្រាសញ្ជឹងសញ្ជប់តែម្នាក់ឯង នៅផែរមនីយដ្ឋានបឹងយក្សឡោម ក្រុងបានលុង រហូតដល់ម៉ោង១០និង៤៥នាទីព្រឹកថ្ងៃដដែល ត្រូវកម្លាំងសមត្ថកិច្ចតាមទៅចាប់ខ្លួនបាន (ក្រោយធ្វើសកម្មភាព ក្នុងរយ:ពេលជាង១ម៉ោង) បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ៕