ខេត្តព្រះវិហារ៖ ជនសង្ស័យល្មោភកាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីជនសង្ស័យនេះ បានធ្វើសកម្មភាពឡើងទៅចាប់រំលោភសេពសន្ថវៈកូនក្រមុំគេ២នាក់ ដល់លើផ្ទះ ត្រង់ចំណុចផ្លូវទី២ ស្ថិតភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ។


ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះពូយ វិទូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ/ឃុំខាងលើ។ ចំណែក នារីរងគ្រោះ ឈ្មោះ ឈ.ស អាយុ ១៧ឆ្នាំ និងឈ្មោះ ឈ.ស.ល អាយុ១៦ឆ្នាំ អ្នកទាំងពីរជាបងប្អូនបង្កើត មានទីលំនៅខេត្តព្រះវិហារ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពក្មេងស្រីរងគ្រោះបងប្អូនទាំង២ តាំងពីអំឡុងខែមេសា ឆ្នាំ២០១៩ ខណៈដែលឪពុកម្តាយក្មេងស្រីរងគ្រោះមានការរវល់នៅខាងក្រៅ ដោយឲ្យកូនស្រីឲ្យនៅចាំផ្ទះ ។ លុះជនសង្ស័យដឹងថា ឪពុកម្តាយក្មេងស្រីរងគ្រោះមិននៅផ្ទះ ដែលជាឱកាសល្អសម្រាប់រូបគេ ជនសង្ស័យក៏បានឡើងទៅធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះដល់លើផ្ទះតែម្តង។


ក្រោយមក ក្មេងស្រីរងគ្រោះបានយករឿងនេះប្រាប់ឪពុកម្តាយឲ្យដឹង ហើយឪពុកម្តាយក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។ ក្រោយពីមានពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះទាំង២ កម្លាងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជនសង្ស័យល្មោភកាមនេះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធី៕