ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៤២ មេគិញបារាំងម្នាក់ អមដំណើរដោយលេខាធិការ(ស្មៀន) ខ្មែរ២នាក់ទៀត បានកាន់សំណុំរឿងមួយបាច់ធំយកទៅជួបប្រជុំជាមួយលោកអ៊ឹង អ៊ី ជានាយករដ្ឋមន្ត្រី និង លោកទា សាន ជារដ្ឋន្ត្រីមហាផ្ទៃ និងធម្មការ ព្រមទាំងមន្ត្រីខ្មែរមួយចំនួនទៀត។
ក្រោយកិច្ចប្រជុំពិសេសនោះចប់ លោកទា សាន បានបញ្ជាឲ្យលោកជុំ មួង ដែលជាលេខាធិការរបស់គាត់ និងជាអ្នកដែលបានចូលរួមជាសម្ងាត់ជាមួយចលនាតស៊ូប្រឆាំងបារាំងរបស់សឹង ង៉ុកថាញ់ ដែរនោះ ឲ្យទៅនិមន្តព្រះគ្រូអាចារ្យហែម ចៀវ ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ គង់នៅវត្តឧណ្ណាលោម និងជាសិស្សគណសំណព្វចិត្តរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលកាលនោះព្រះអង្គទើបមានឋានៈជាព្រះពុទ្ធឃោសនាចារ្យ នៅឡើយ ឲ្យមកជួប ព្រោះមានបញ្ហាសំខាន់ ដើម្បីជួបពិភាក្សាគ្នាបន្ទាន់។


ព្រះគ្រូអាចារ្យហែម ចៀវ ក៏បាននិមន្តមកជួបលោកទា សាន ជារដ្ឋន្ត្រីមហាផ្ទៃ និងធម្មការ ទាំងការមន្ទិលសង្ស័យ។ នៅតាមផ្លូវព្រះអង្គបានប្រាប់លោកជុំ មួង ដែលជាអ្នកតស៊ូសម្ងាត់ជាមួយគ្នាថា បើគេសួរយើងពីរឿងប្រឆាំងនឹងបារាំង យើងត្រូវឆ្លើយថាមិនដឹងទៅ ហើយព្រះអង្គបានប្រាប់លោកជុំ មួង ទៀតថា លោកសឹង ង៉ុកថាញ់ ផ្តាំហើយផ្ដាំទៀតថា បើគេដឹងរឿងសម្ងាត់ យើងត្រូវរត់គេចខ្លួនចូលទៅក្នុងបន្ទាយតម្រួតយោធាជប៉ុន ទើបរួចខ្លួន។

លោកនួន ឌួង

ពេលព្រះគ្រូអាចារ្យហែម ចៀវ ទៅដល់ការិយាល័យធ្វើការរបស់លោកទា សាន ភ្លាមនោះ លោកទា សាន ក៏បានប្រើមន្ត្រីនៅក្រោមឱវាទឲ្យទៅទិញសម្លៀកបំពាក់មួយកំផ្លេ ហើយឲ្យព្រះគ្រូអាចារ្យ ហែម ចៀវ ស្រាតស្បង់ជីពរចេញ រួចស្លៀកពាក់ខោអាវនោះវិញ ។ បន្តិចក្រោយមក ពួកបារាំងបានយកព្រះគ្រូអាចារ្យ ហែម ចៀវ ចេញពីការិយាល័យធ្វើការរបស់លោក ទា សាន ទៅបាត់ ធ្វើឲ្យ ជុំ មួង កាន់តែភិតភ័យខ្លាំងថែមទៀត។ ពេលនោះដែរ ពូកគិញបារាំង ក៏បានទៅចាប់លោកនួន ឌួង ទៅឯផ្ទះគាត់ដែរ។
លុះដល់ពេលចេញពីធ្វើការ លោកជុំ មួង ក៏ប្រញាប់ប្រញាលធ្វើដំណើរទៅជួបលោកសឹង ង៉ុកថាញ់ ដើម្បីប្រាប់រឿងនេះ ឲ្យបានដឹង។ លោកសឹង ង៉ុកថាញ់ ក៏បានប្រាប់លោកជុំ មួង វិញថា ប្រយ័ត្នឲ្យមែនទែន ពេលនេះបារាំងប្រាកដជាចាប់ពួកយើងហើយ។

ព្រះអង្គម្ចាស់នរោត្តម សុធារស ថតជាមួយព្រះតេជគុណ ល្វី ឯម ជាព្រះគ្រូចៅអធិការវត្តលង្កា និងសម្តេចសង្ឍរាជ ជួន ណាត ព្រមទាំងព្រះសង្ឍផ្សេងៗទៀតនៅមុខបណ្ណាល័យជាតិ ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០

មួយថ្ងៃក្រោយមក ដំណឹងនៃការចាប់ខ្លួនលោកគ្រូអាចារ្យហែម ចៀវ បានលេចឮពីវត្តមួយ ទៅវត្តមួយទៀត ពីមជ្ឈដ្ឋានពុទ្ធបរិស័ទមួយទៅមជ្ឈដ្ឋានពុទ្ធបរិស័ទមួយទៀត ធ្វើឲ្យភ្ញាក់ផ្អើលជ្រួលច្របល់កាន់តែខ្លាំងឡើងៗ ពិសេសក្នុងមជ្ឈដ្ឋានជាមិត្តភក្តិ និងសិស្សគណរបស់ព្រះគ្រូអាចារ្យហែម ចៀវ តែម្តង។
ក្រោយពីមានការការចាប់ខ្លួនលោកគ្រូអាចារ្យហែម ចៀវ និងលោកនួន ឌួង មក លោកសឹង ង៉ុកថាញ់ ក៏បានបញ្ជាឲ្យលោកប៉ាច ឈឺន រៀបចំធ្វើបាតុកម្មមួយទាមទារឲ្យអាជ្ញាធរបារាំង ដោះលែងព្រះគ្រូអាចារ្យហែម ចៀវ និងលោកនួន ឌួង មកវិញ។ ប៉ុន្តែ លោកសឹង ង៉ុកថាញ់ មិនបានទៅចូលរូមក្នុងបាតុកម្មនោះទេ ព្រោះដឹងច្បាស់ថា ពួកគិញបារាំងកំពុងតាមរកចាប់់ខ្លួនគាត់ដែរ ក៏គេចខ្លួនទៅស្នាក់នៅក្នុងបន្ទាយតម្រួតយោធាជប៉ុន ដើម្បីកុំឲ្យពួកគិញបារាំង តាមចាប់គាត់បាន។

ព្រះតេជគុណ ល្វី ឯម ជាព្រះគ្រូចៅអធិការវត្តលង្កា និងចាងហ្វាងសាលាបាលីជាន់ខ្ពស់

យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៤២ នៅវត្តលង្កា មានប្រារព្វពិធីបុណ្យចម្រើនព្រះជន្ម ព្រះតេជគុណ ល្វី ឯម ជាព្រះគ្រូចៅអធិការវត្តលង្កា និងចាងហ្វាងសាលាបាលីជាន់ខ្ពស់ ដែលត្រូវដំឡើងគោរម្យងារជាសម្ដេចព្រះធម្មលិខិត ផងដែរនោះ ទាំងព្រះសង្ឃ និងគ្រហស្ថ បានលួចខ្សឹបខ្សៀវគ្នាពីរឿងរៀបចំធ្វើបាតុកម្មនេះ កាន់តែសុះសាយឡើងៗ៕