ខេត្តព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ កម្លាំងនគរបាលស្នងការដ្ឋានខេត្តព្រះសីហនុ បានធ្វើការចាប់ខ្លួនបុរសជាខ្មាន់កាំភ្លើងម្នាក់ នាំមកចាត់ការតាមផ្លូវច្បាប់ ។ បន្ទាប់ពីជនសង្ស័យរូបនេះ យកកាំភ្លើងទៅភ្ជង់គំរាមសម្លាប់អ្នកដទៃ នៅចំណុចភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ។


លោកជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួននេះ មានឈ្មោះ ជី ម៉ៅ អាយុ៣០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។ សមត្ថកិច្ចដកហូតបាន អាវុធខ្លីម៉ាកK59 មួយដើម, បង់១, គ្រាប់ចំនួន១០គ្រាប់, ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន១កញ្ចប់តូច និងកញ្ចប់បារី១។


លោកស្នងការបញ្ជាក់ថា មុនពេលចាប់ខ្លួន ជនសង្ស័យនេះ បានយកកាំភ្លើងខ្លីម៉ាក K59 ទៅភ្ជង់គំរាមសម្លាប់ជនរងគ្រោះឈ្មោះ ប៉ុល ងន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅចំណុចកើតហេតុខាងលើ ធ្វើឲ្យជនរងគ្រោះភិតភ័យជាខ្លាំង ហើយបានធ្វើដំណើរមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចជំនាញនាំមកធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕