ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន

កំណែទម្រង់ទី៣របស់លោកហ្គោជេ ទេសាភិបាលជាន់ខ្ពស់បារាំងប្រចាំប្រទេសកម្ពុជា គឺគម្រោងរៀបចំអភិសេកព្រះមហាក្សត្រនរោត្តម សីហនុ ជាមួយកូនស្រីគហបតីខ្មែរម្នាក់ ដែលមានការរៀនសូត្រចេះដឹងខ្ពង់ខ្ពស់ ដើម្បីឲ្យក្លាយជាព្រះមហេសីប្រកបដោយកិត្តិយសឧត្តុង្គឧត្តម ដូចព្រះចៅបៅ ដាយ ដែលបានរៀបអភិសេកជាមួយកូនស្រីគហបតីវៀតណាមម្នាក់ ដែលមានចំណេះដឹងវិជ្ជាខ្ពង់ខ្ពស់ និងមានរូបសម្រស់ដ៏ស្រស់ស្អាត ឈ្មោះម៉ារី តេរ៉េស ង្វៀន ហ៊ុយធីឡាយ វ័យ២០ឆ្នាំ ដែលបានធ្វើឡើងនៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៣៤ នៅទីក្រុងវ៉េ គឺដើម្បីលើកតម្កើងព្រះកិតិ្តយសរបស់ព្រះមហាក្សត្រនរោត្តម សីហនុ ។

ព្រះមហាក្សត្រនរោត្តម សីហនុ ឆ្នាំ១៩៤១

កូនស្រីគហបតីខ្មែរ ដែលមានការរៀនសូត្រចេះដឹងខ្ពង់ខ្ពស់នោះ គឺកញ្ញាជួន ជឿម ជាចៅរបស់ឧកញ៉ាចៅហ្វាវាំង ជួន និងជាកូនស្រីរបស់លោកជួន ហ៊ុល (ជួន ហ៊ុល ជាកូនប្រុសបង្កើតរបស់ឧកញ៉ាចៅហ្វាវាំង ជួន)។ លោកជួន ហ៊ុល នេះ ជាបងប្អូនបង្កើតរបស់លោកជួន ហ៊ែល ហើយលោកជួន ហ៊ែល ជាឪពុកបង្កើតរបស់អ្នកម្នាងប៉ុក វ៉ាណេ ហៅ រូហ្សេត ប៉ុក ដែលជាមហេសីរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ដែលជារាជទាយាទ ប៉ុន្តែទ្រង់បែរជាខកខាន ដោយសារបារាំង បានជ្រើសរើសយកយុវព្រះអង្គម្ចាស់សីហនុ ជាក្មួយរបស់ទ្រង់ឲ្យឡើងសោយរាជ្យសម្បត្តិជំនួសទៅវិញ។

ឧកញ៉ាចៅហ្វាវាំង ជួន

តែទោះបីកញ្ញាជួន ជឿម ជាកូនស្រីគហបតី និងមានការរៀនសូត្រចេះដឹងខ្ពង់ខ្ពស់យ៉ាងណា ក៍ព្រះមហាក្សត្រនរោត្តម សីហនុ មិនសព្វព្រះទ័យនឹងរូបសម្បត្តិកញ្ញាជួន ជឿម នោះមកធ្វើជាអគ្គមហេសីរបស់ព្រះអង្គដែរ ។ តែក្រោយមក កញ្ញា ជួន ជឿម បានរៀបការជាមួយ លោក ឈាន វ៉ម ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីអប់រំជាតិ (ពីថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៨ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៤៨ ។

ឧកញ៉ាចៅហ្វាវាំង ជួន

ព្រះមហាក្សត្រសីហនុ ឈ្វេងយល់ថា នេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយរបស់ព្រះអង្គចំពោះកិត្តិយសក្រុមគ្រួសារត្រកូលជួន ក៍អាចថាបាន។ ព្រះអង្គឈ្វេងយល់ទៀតថា ដោយសារបញ្ហានេះហើយ ទើបក្រោយមកមានក្មួយប្រុសអ្នកម្នាងប៉ុក វ៉ាណេ ឬ រ៉ូហ្សេត ប៉ុក ម្នាក់ ឈ្មោះប៉ុក ឌឺកុមារ ជាអ្នកការទូតដ៏ល្អម្នាក់ក្នុងសម័យសង្គមរាស្ត្រនិយម ដែលព្រះអង្គជាអ្នកដឹកនាំនោះ បានរត់ចូលព្រៃទៅតស៊ូជាមួយពួកខ្មែរក្រហម ដើម្បីប្រឆាំងនឹងព្រះអង្គ ហើយប្អូនប្រុសៗរបស់កញ្ញាជួន ជឿម ៣នាក់ទៀត គឺជួន ជឿន, ជួន មុំ និងជួនប្រសិទ្ធិ ក៏បានចូលរួមជាមួយពួកមេដឹកនាំខ្មែរក្រហម ក្នុងដើម្បីផ្តួលរំលំព្រះអង្គដែរ។ តែមានប្អូនប្រុសម្នាក់ឈ្មោះជួន ជុំ មិនបានចូលរួមតស៊ូជាមួយពួកមេដឹកនាំខ្មែរក្រហមទេ។

ជួន ជឿន ចៅរបស់ឧកញ៉ាចៅហ្វាវាំងជួន រដ្ឋមន្រ្តីសុខាភិបាល ខ្មែរក្រហម

ឧកញ៉ាចៅហ្វ៊ាវាំង ជួន កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៨៦៤ នៅខេត្តកំពង់ឆ្នាំង។ នៅឆ្នាំ ១៨៨៥ គាត់ត្រូវបានលោកអូហ្គុស្ត ប៉ាវី ( AUGUSTE PAVIE) នាំទៅរៀននៅប្រទេសបារាំង ។ ពេលត្រឡប់ចូលកម្ពុជាវិញ គាត់បានត្រូវតែងតាំងជា អ្នកបកប្រែភាសា ។ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៨៨៨ គាត់ធ្វើការជាប់ជាមួយលោកអូហ្គុស្ត ប៉ាវី ( AUGUSTE PAVIE) ។ នៅថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី៦ ខែកក្កដា ១៨៩៤ គាត់បានធ្វើដំណើរពីក្រុងបាងកក ទៅប្រទេសលាវ ប៉ែកខាងកើត និងខាងលិច ជាមួយលោកអូហ្គុស្ត ប៉ាវី ( AUGUSTE PAVIE) ។

ជួន ប្រសិទ្ធ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសខ្មែរក្រហម

នៅក្នុងឆ្នាំ ១៩០០ លោកប៊ូឡូស ( BOULLOCHE ) ជាទេសាភិបាលជាន់ខ្ពស់បារាំងប្រចាំប្រទេសកម្ពុជា (រ៉េស៊ីដង់ស៊ុប៉េរីយ័រ) បានចាត់គាត់ឲ្យធ្វើការជាមួយមហាក្សត្រ នរោត្តម ហើយព្រះមហាក្សត្រ បានតែងតាំងគាត់ជារដ្ឋមន្រ្តីព្រះបរមរាជវាំង ហិរញ្ញវត្ថុ និង វិចិត្រសិល្បៈ ដែលកាលសម័យនោះហៅថាឧកញ៉ាចៅហ្វ៊ាវាំង។ នៅឆ្នាំ ១៩០៦ គាត់បានដង្ហែមហាក្សត្រស៊ីសុវត្ថិ យាងទៅធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសបារាំង។ ឧកញ៉ាចៅហ្វ៊ាវាំង ជួន បានបម្រើការងារក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរបីជំនាន់ គឺតាំងពីរជ្ជកាលព្រះមហាក្សត្រ ព្រះបាទនរោត្តម ,ព្រះបាទ ស៊ីសុវត្ថិ និងព្រះបាទ មុនីវង្ស។

ជួន ប្រសិទ្ធ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសខ្មែរក្រហម និង អៀង សារី ប្រជុំនៅអង្គការសហប្រជាជាតិ

ឧកញ៉ាចៅហ្វ៊ាវាំង ជួន បានទទួលអនិច្ចកម្ម នៅក្នុងខែកញ្ញា ១៩៤៦ ក្នុងជន្មាយុ ៨២ឆ្នាំ។
វង្សត្រកូលរបស់គាត់ សម្បូរអ្នកចេះដឹង។ ចៅៗរបស់គាត់ ដូចជា លោក ជួន ម៉ុម, ជួន ប្រសិទ្ធ និង ជួន ជឿន បានទៅរសិក្សានៅក្រុងហាណូយ វៀតណាមភាគខាងជើង និងទៅប្រទេសបារាំង មានសញ្ញាបត្រ ថ្នាក់បណ្ឌិត។ អ្នកទាំងអស់នេះ នៅពេលដែលបញ្ចប់ការសិក្សា វិលត្រឡប់ចូលមកកម្ពុជាវិញ បានចូលរួមតស៊ូប្រឆាំងនឹងបារាំង ជាមួយសឺង ង៉ុកថាញ់ ជាអ្នកនយោបាយស្តាំនិយម។ លុះប្រហែល២០ឆ្នាំក្រោយមក ពួកគេទាំងនេះ បានងាកទៅរកនយោបាយឆ្វេងនិយមម្តងវិញ ដោយចូលរួមធ្វើការតស៊ូជាមួយពួកខ្មែរក្រហម ប៉ុល ពត ៕