ក្រៅពីមុខរបរធ្វើស្រែ ចំការកសិករភាគច្រើនបានចាប់យកការចិញ្ចឹម​មេ​ទាយ​កពង គឺជា​មុខរបរ​មួយ​ដែល​អាចជួយ​លើកស្ទួយជីវភាព របស់​កសិករ​បាន​មួយកម្រិត ពិសេសប្រសិនបើ​ការចិញ្ចឹម មេ​ទាយក​ពងមាន​បទពិសោធ​ន៏ ឫ​គន្លឹះ​ល្អ​ណាមួយ នឹង​ជួយ​ក្នុងការប្រមូល​ផល​ស៊ុត​បាន​កាន់តែ​ខ្ពស់​ទៀតផង ។​

គន្លឹះ​ក្នុងការ​ចិញ្ចឹម​ទាយក​ស៊ុត ទទួលបាន​ផល​ខ្ពស់​កសិករ​គប្បី​អនុវត្ត​ន៏​តាម​បទពិសោធ​ន៏​ដូច​ខាង​ក្រោម ៖
​-អ្នក​ចិញ្ចឹម​ត្រូវ​ជ្រើសរើស​មេ​ទា​ដែលមាន​សុខភាព​ល្អ នឹងមាន​អាយុ​ចាប់ពី​៥​ខែ​ឡើងទៅ ដែលមាន​ទម្ងន់​មិន​លើសពី​១,៥​គីឡូក្រាម ។ ព្រោះ​បន្ទាប់ពី​ការចិញ្ចឹម​បាន​ប្រហែល​២០​ថ្ងៃ វា​នឹង​ចាប់ផ្តើម​ពង​។​

-ការផ្តល់​ចំណីៈ ក្នុង​មួយថ្ងៃ​យើង​ត្រូវដាក់​ចំណី​ឲ្យ​វា​ស៊ី​ចំនួន​២​ដង ព្រឹក​និង​ល្ងាច ដោយ​កំណត់​ទា មួយ​ក្បាល​ត្រូវ​ស៊ី​អស់​ត្រឹម​១,៣​ខាំ ។ ចំណី​ធម្មជាតិ​សម្រាប់​មេ​ទា​មានដូចជា ស្រូវ​លាយ​ជាមួយនឹង​កន្ទក់ ក្បាល​បង្គា សត្វ​ខ្យង និង​ខ្ចៅ​ជាដើម ។ យើង​ត្រូវ​បន្ថែមបន្លែ​បៃតង ឲ្យ​វា​ស៊ី​ដូចជា​ស្មៅ​ខ្ចី ត្រកួន ស្ពៃ​ជាដើម ដែល​វា​ជួយផ្តល់​វីតាមីន​ដល់​ទា​របស់​យើង ។​

-ត្រូវ​សម្អាត​ស្នូក​សម្រាប់​ដាក់​ចំណី​ឲ្យ​ទា​ស៊ី​ជាប្រចាំ នឹងដាក់​ចំណី​ឲ្យ​បាន​ច្រើន​កន្លែង ដើម្បី​ជៀសវាង វា​ស៊ី​ចំណី​មិនបាន​ស្មើគ្នា ។ យើង​ត្រូវធ្វើ​ទ្រុង​ឲ្យ​បាន​ធំ​ទូលាយ ខ្ពស់ស្រឡះ បើ​ធ្វើ​ដំបូល​ស័ង្កសី ត្រូវយក​ស្លឹកឈើ ឬ​ស្លឹក​ដូង​គ្របពីលើ នឹងដាក់​ស្បៃ​ពីក្រោម​ដំបូល​ដើម្បី​កាត់បន្ថយ​កម្តៅ ។​

-ក្នុង​ទា​១០០០​ក្បាល យើង​ត្រូវធ្វើ​រោង​ទទឹង​១០​ម៉ែត្រ បណ្តោយ​២០​ម៉ែត្រ ។ នៅពេល​មេ​ទា​កំពុងផ្តល់​ស៊ុត អ្នក​ចិញ្ចឹម​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ការពារ​កុំ​ឲ្យ​វា​ផ្អើល ដែល​បណ្តាល​ឲ្យ​វា​ឈប់​បញ្ចេញ​ស៊ុត ឬ​ចំនួន​ស៊ុត​ធ្លាក់ចុះ ។ យើង​ត្រូវ​កំណត់​ឲ្យ​ទា​លេង​ទឹក​ត្រឹម​៥​ម៉ោង​ក្នុង​មួយថ្ងៃ​ដោយ​ដាក់​ឲ្យ​វា​លេង ចាប់ពី​ម៉ោង​១០​ព្រឹក​ទៅ ។​
​-ការចិញ្ចឹម​បែប​ធម្មជាតិ​នេះ នឹងធ្វើ​ឲ្យ​ទា​មាន​សុខភាព​ល្អ ស៊ុត​ក្រហម​ធំ​ល្អ​ស៊ុត​មិនសូវមាន​ក្លិនឆ្អាប​វា ផ្តល់​ស៊ុត​បាន​ច្រើន​ឯ​អ្នក​បរិភោគ​ក៏​ទទួលបាន​អាហារ​ដែលមាន​សុវត្ថិភាព​ផងដែរ​។​


​-ប្រភព​ដដែល​បានបញ្ជាក់​ឲ្យ​ដឹងថា​បន្ទាប់ពី​ចិញ្ចឹម​បាន​៣​ឆ្នាំ​យើង​ត្រូវ​លក់​មេ​ទា​ទាំងនោះ​ចេញ ព្រោះ​វាចា​ស់​ហើយ​ការផ្តល់​ស៊ុត​ក៏​ធ្លាក់ចុះ​ផងដែរ ។​
​-ចំពោះ​វិធី​ការពារ​ជំងឺ​មេ​ទា​នឹង​ការពុល​លាមក​របស់​វា គឺ​ត្រូវការពារ​កុំ​ឲ្យ​រោង​មាន​ក្លិន​មិនល្អ​ដោយសារ លាមក របស់​វា​ឬ​ទឹក​ជាំ​យើង​ត្រូវ​ក្រាល​អង្កាម​នៅក្រោម​រោង ។ ការធ្វើ​ដូចនេះ អាចជួយ​ផ្តល់​កម្តៅ​ដល់​ទា និង​អាច​យក​អង្កាម​នេះ​ប្រើប្រាស់​ជា​ជី​បាន​ទៀតផង​៕