ខេត្តកណ្តាល៖ យុវជនម្នាក់ បានបត់ជើងតូច(នោម)ដាក់របងផ្ទះអ្នកមានព្រំដីជាប់គ្នា លុះពេលម្ចាស់របងឃើញ ក៏កើតមានជម្លោះនឹងគ្នាទាំងគ្រួសារ រហូតភាគីម្ខាងផ្ទុះភ្លើងកំហឹង បានយកពូថៅកាប់ភាគីជាគូជម្លោះ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។
ករណីហិង្សានេះ បានកើត កាលពីវេលាម៉ោង៦ និង០៨នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវលំមុខផ្ទះ ជនរងគ្រោះភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ។
ជនរងគ្រោះដែលត្រូវគូទំនាស់កាប់របួសធ្ងន់នេះ មានឈ្មោះមាន សុខុម ភេទប្រុសអាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករទីលំនៅភូមិ-ឃុំកើតហេតុ រងរបួសក្បាល និងកខាងក្រោយផ្នែកឆ្វេង ។ ចំណែក ជនដៃដល់មានឈ្មោ ឃុត សុភ័ក្ត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានឈ្មោះ មាន វាសនា ហៅលឹបដែលត្រូវជាកូនជនរងគ្រោះឈ្មោះមាន សុខុម បានបាញ់ទឹកជ្រូក និងបាចចំណីមាន់នៅខាងក្រោយផ្ទះក្បែរមាត់ទន្លេ ហើយបានដើរទៅនោមក្បែររបងព្រំដីជនដៃដល់ ឈ្មោះឃុត សុភ័ក្ត ក៏បានស្រែកឲ្យឈ្មោះមាន វាសនា ថា« ហ្អែងឈ្លើយម្ល៉េះនោមដាក់របងអញ» ហើយឲ្យឈ្មោះមាន វាសនា មកមុខផ្ទះបើកទ្វាររបង ដើម្បីវាយគ្នាពេលនោះឈ្មោះឃុត សុភ័ក្ត និងក្រុមគ្រួសារបានឈ្លោះប្រកែកពាក្យសម្តីគ្នាជាមួយក្រុមគ្រួសារឈ្មោះមាន វាសនា នៅលើផ្លូវមុខផ្ទះឈ្មោះមាន សុខុម បន្ទាប់មកឈ្មោះមាន វាសនា បានបើកទ្វាររបងហើយដើរចេញទៅផ្លូវបានមួយជំហាន ក៏ឈ្មោះឃុត សុភ័ក្ត បានស្ទុះមកវាយឈ្មោះមាន វាសនាចំនួន៣ដៃ។


ប្រភពបន្តថា ពេលនោះ ជនរងគ្រោះ ឈ្មោះមាន សុខុម បានចេញទៅជួយឃាត់ក៏ត្រូវជនដៃដល់ឈ្មោះឃុត សុភ័ក្តដកពូថៅពីចង្កេះកាប់ជនរងគ្រោះ បណ្ដាលឲ្យរងរបួស ហើយរត់គេចខ្លួនបាត់តែម្ដង ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលមុខរបួស។ ចំណែក ជនដៃដល់ កម្លាំងនគរបាលប៉ុស្តិ៍បឹងគ្រំ កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួននាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕