ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន នៅពេលព្រះមហាក្សត្រនរោត្តម សីហនុ យាងទៅដល់ទីក្រុងលួងប្រាបាង ប្រទេសឡាវ ព្រះអង្គបានចូលសម្តែងការគួរសមដល់ព្រះមហាក្សត្រឡាវ ស៊ីសាវ៉ាង វង្ស និងព្រះរាជបុត្រាស៊ីសាវ៉ាង វឌ្ឍនា ជារាជទាយាទ ដែល បានយាងជាព្រះរាជកិត្តិយសក្នុងពិធីអភិសេកព្រះអង្គ ឡើងសោយរាជសម្បត្តិជាផ្លូវការនៅក្រុងភ្នំពេញ កាលពីចុងខែតុលា ១៩៤១នោះ ផងដែរ។
ព្រះមហាក្សត្រឡាវ ស៊ីសាវ៉ាង វង្ស ប្រសូត្រនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៨៥ នៅក្រុងលួងប្រាបាង ព្រះបិតាព្រះនាមហ្សាការិន និងព្រះមាតាព្រះនាមថងស៊ី។ ព្រះអង្គបានទៅសិក្សានៅវិទ្យាល័យសាស្សឺលូ ឡូបា ទីក្រុងព្រៃនគរ និងនៅក្រុងបារីស ប្រទេសបារាំង។

ព្រះមហាក្សត្រនរោត្តម សីហនុ យាងទៅប្រទេសឡាវ ឆ្នាំ ១៩៤៩

ព្រះមហាក្សត្រស៊ីសាវ៉ាង វង្ស បានឡើងសោយរាជសម្បត្តិនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩០៤។ ព្រះអង្គមានបុត្រាបុត្រី ចំនួន៥០អង្គ និងមហេសី ចំនួន១៥អង្គ ក្នុងនោះមានមហេសី ២អង្គត្រូវជាបងប្អូនបង្កើត ( បិតាតែមួយ មាតាទីទៃ) និង មហេសីមួយអង្គទៀត ត្រូវជាក្មួយ។ ប៉ុន្តែបុត្រាបុត្រីរបស់ព្រះអង្គចំនួន១៤អង្គ ត្រូវបានបាត់បង់ព្រះជន្មក្នុងគ្រោះថ្នាក់លិចនាវាមួយនៅក្នុងទន្លេមេគង្គ។
ដោយសារតែព្រះអង្គគាំទ្រនយោបាយពួកអាណានិគមបារាំង នៅពេលកងទ័ពជប៉ុន ចូលមកដណ្តើមកាន់កាប់ឥណ្ឌូចិន ព្រះមហាក្សត្រស៊ីសាវ៉ាង វង្ស ត្រូវបានបាត់បង់រាជបល្ល័ង្ក សោយសារតែព្រះអង្គបដិសេធមិនសហការជាមួយពួកអ្នកជាតិនិយមលាវ និងបានបដិសេធមិនទទួលស្គាល់ឯករាជ្យរបស់ប្រទេស ដែលប្រកាសឡើងដោយពួកឥស្សរៈឡាវ។

ព្រះមហាក្សត្រឡាវ ស៊ីសាវ៉ាង វង្ស កាលយាងទៅប្រទេសបារាំងឆ្នាំ ១៩៤៩

ប៉ុន្តែក្រោយពេលកងទ័ពបារាំង វាយឈ្នះកងទ័ពជប៉ុន ត្រឡប់មកត្រួតត្រាតំបន់ឥណ្ឌូចិនវិញ ព្រះអង្គបានឡើងគ្រងរាជសម្បត្តិ ជាលើកទី២ទៀត ក្នុងឆ្នាំ១៩៤៦ ។ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៥៩ ព្រះអង្គក៏សោយទិវង្គតក្នុងព្រះជន្ម៧៤ព្រះវស្សា។
ក្រោយពីព្រះមហាក្សត្រ ស៊ីសាវ៉ាង វង្ស សោយទិវង្គតទៅ ព្រះអង្គម្ចាស់ស៊ីសាវ៉ាង វឌ្ឍនា ជាបុត្រា បានឡើងគ្រងរាជសម្បត្តិបន្ត។ ព្រះមហាក្សត្រស៊ីសាវ៉ាង វឌ្ឍនា ប្រសូត្រនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩០៤ នៅក្នុងព្រះបរមរាជវាំងលួងប្រាបាង។ នៅពេលមានព្រះជន្ម១០វស្សា ព្រះបិតាស៊ីសាវ៉ាង វង្ស បានបញ្ចូនព្រះអង្គឲ្យទៅសិក្សានៅប្រទេសបារាំង។ បន្ទាប់មកទៀត ព្រះអង្គបានចូលសិក្សានៅវិទ្យាល័យមួយក្នុងទីក្រុងម៉ុងប៊ឺលីយេ រួចហើយបានបន្តការសិក្សានៅមហាវិទ្យាល័យ រហូតទទួលបានសញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្រនយោបាយ។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ក្សត្រីខាំផយ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៣០។ ព្រះអង្គមានព្រះរាជបុត្រចំនួន៥អង្គ។

បុត្រា ស៊ីសាវ៉ាង វឌ្ឍនា ឡើងសោយរាជ្យបន្តពីព្រះមហាក្សត្រ ស៊ីសាវ៉ាង វង្ស ជាបិតា

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ រាជបល្ល័ង្ករបស់ព្រះអង្គត្រូវបានដួលរលំ ដោយសារពួកកុម្មុយនិស្តបាថេតលាវ របស់ព្រះអង្គម្ចាស់សុផាន់វង្ស ទទួលបានជ័យជម្នះ ហើយប្រទេសឡាវ បានក្លាយជាប្រទេសកុម្មុយនិស្ត ដែលមានឈ្មោះថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រហូតដល់សព្វថ្ងៃនេះ។

ព្រះអង្គម្ចាស់សុផាន់វង្ស មេដឹកនាំពួកកុម្មុយនិស្តបាថេតលាវ ជួបជាមួយ ហូ ជីមិញ មេដឹកនាំបក្សកុម្មុយនីស្តឥណ្ឌូចិន

ក្នុងពេលបំពេញព្រះរាជទស្សនកិច្ច នៅទីក្រុងលួងប្រាបាងនោះ ព្រះមហាក្សត្រនរោត្តម សីហនុ បានសម្តែងព្រះទ័យកោតសរសើរ ចំពោះក្បូរក្បាច់រចនានៃព្រះបរមរាជវាំងឡាវ ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងរចនាប័ទ្មខ្មែរដែរ ពិសេសព្រះអង្គពេញព្រះទ័យ ចំពោះយុវតីឡាវ ដែលចូលចិត្តតុបតែងខ្លួនលម្អទៅដោយផ្កាជាច្រើនសៀតនៅលើសក់ ដែលបានរាំរបាំប្រពៃណីថ្វាយព្រះអង្គនោះ យ៉ាងខ្លាំង រហូតដល់ព្រះអង្គស្រមើស្រមៃថា ថ្ងៃណាមួយព្រះអង្គនឹងដាក់បញ្ចូលយុវតីឡាវណាម្នាក់ មកដាក់ក្នុងបញ្ចីនៃបេះដូងស្នេហារបស់ព្រះអង្គជាមិនខាន៕