ខេត្តសៀមរាប៖ ស្រ្តីមានជំងឺសរសៃប្រសាទម្នាក់ និងកូនប្រុសអាយុ៨ឆ្នាំ ត្រូវគេប្រទះឃើញលង់ទឹកស្លាប់ទាំង២នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចស្រះទឹក ទំហំ ១០គុណ៥ម៉ែត្រ ជម្រៅ ៤ម៉ែត្រ ខាងត្បូងផ្ទះសព ១២០ម៉ែត្រ ស្ថិតភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ។
ជនរងគ្រោះទាំង២នាក់ រួមមាន ៖
១/ឈ្មោះ លុយ កុក ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំកើតហេតុ ជាម្ដាយ ។
២/ឈ្មោះ សេត ស៊ីន ភេទប្រុស អាយុ៨ឆ្នាំ ជាកូនបង្កើតរបស់សព។


តាមការអះអាងពីប្អូនថ្លៃរបស់ជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃយូរហើយ រហូតប៉ះពាល់ដល់ប្រព័ន្ធសសៃប្រសាទ មានសតិមិនប្រក្រតី ចេះតែខ្លាចនេះខ្លាចនោះ និងធ្លាប់រកចង.កសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវសាច់ញាតិឃាត់ទាន់។ លុះព្រឹកថ្ងៃកើតហេតុ ខ្លួន និងជនរងគ្រោះ (សព) ណាត់គ្នាទៅរកបោចល្ពាក់ ខាងលិចភូមិ តែពេលនោះគ្មានម្ហូប ខ្លួន (ប្អូនថ្លៃ) ក៏ទៅរកទិញក្នុងភូមិ ខណ:មកវិញ មិនឃើញបងថ្លៃ និងកូនពុំដឹងទៅណា?។
ក្រោយមក ក៏មានអ្នកភូមិផ្អើលថា មានមនុស្សលង់ទឹកស្លាប់ នៅស្រះទឹកខាងត្បូងផ្ទះខ្លួន បាននាំគ្នាចុះស្រង់ទ្បើងមកលើគោក ទើបដឹងថា អ្នកនោះគឺជាបងថ្លៃខ្លួន និងកូនជនរងគ្រោះ។


ក្រោយពេលកើតហេតុ សមត្តកិច្ចជំនាញ បានចុះទៅធ្វើកោសល្យវិច័យ ពុំឃើញមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ ទើបសន្និដ្ឋានថា សពពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន៕