ប៉េកាំង៖ បើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះបានឲ្យដឹងថា ចិន នឹងធ្វើព្យុហយាត្រាសម្ញែង ឫទ្ធិ យោធាដ៏ធំបំផុតមួយមិនធ្លាប់មានពីមុនមករបស់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍នេះ នាឱកាសប្រារព្ធខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងដើម្បីបំពេញតាមការសន្យាក្នុងការបង្ហាញអាវុធថ្មីៗផលិតនៅក្នុងស្រុក។

ព្យុហយាត្រាយោធា នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារ ទី០១ ខែតុលាស្អែកនេះ នៅឯទីលាន Tiananmen ក្រោមវត្តមានប្រធានាធិបតីចិន លោក ស៊ី ជិនពីង, ក្រុមមន្ត្រីចិន, សាធារណជនដែលត្រូវបានជ្រើស រើស និងមន្ត្រីយោធាបរទេសមកពី៩៧ប្រទេស។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ក្រសួងការពារជាតិចិន ក៏បានបញ្ជាក់ដែរថាការធ្វើព្យុហយាត្រានេះមិនមែនជាការកំញើញសាច់ដុំ ឬគំរាមកំហែងឡើយ ដោយ គ្រាន់តែផ្តោតសំខាន់លើការស្រឡាញ់សន្តិភាព និងទំនួលខុសត្រូវរបស់ចិនតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិចិន យោធា១៥,០០០នាក់ នឹងត្រូវចូលរួមក្នុងព្យុហយាត្រា យោធានៅថ្ងៃអង្គារស្អែកនេះ ខណៈបរិក្ខាយោធាចំនួន៥៨០ គ្រឿងនឹងបង្ហាញខ្លួននៅលើដងផ្លូវ ហើយយន្ដហោះចម្បាំង១៦០គ្រឿង នឹងសម្ដែងការហោះហើរនៅលើអាកាស៕