រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ កាលពីវេលាម៉ោងប្រហែល១៦នឹង២៥នាទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីបុរសវ័យចំណាស់ បានចូលហាងម៉ាស្សាយីហោ«អ័រគីដេ» ដែលមានទីតាំងផ្ទះលេខ៣៧ ផ្លូវលេខ៥៩២ ក្រុមទី៣៩ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានអោយដឹងថា សពមានឈ្មោះ វ៉ាន់ ម៉ន ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១១ ផ្លូវលេខ៣៤៧ ភូមិ៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមការបំភ្លឺពីស្ត្រីម្នាក់ឈ្មោះ ស្រ៊ុន ស្រៀង ជាបុគ្គលិកនៅហាងម៉ាស្សា«អ័រគីដេ» បានអះអាងថា នៅម៉ោងជិត២រសៀលថ្ងៃទី២៦កញ្ញា ជនរងគ្រោះបានដើរចូលមកម៉ាស្សា ពេលនោះត្រូវវេនរបស់នាងជាអ្នកឡើងម៉ាស្សាឲ្យភ្ញៀវ ខ្លួនក៏ឡើងទៅម៉ាស្សាឲ្យជនរងគ្រោះ ដោយចូលទៅបន្ទប់ឡៅតឿ លុះពេលខ្លួនបានចូលទៅដល់បន្ទប់ឡៅតឿ ស្រាប់តែជនរងគ្រោះបានចូលទៅក្នុងបន្ទប់ទឹក ងូតទឹក ហើយចេញមកវិញ រួចឲ្យខ្លួនម៉ាស្សាឲ្យ ដោយជនរងគ្រោះបានដេកផ្កាប់មុខ ខ្លួនបានច្របាច់ដៃជើងឲ្យជនរងគ្រោះ ស្រាប់តែជនរងគ្រោះមានសភាពស្លេកស្លាំង និងទន់ដៃទន់ជើង ភ្លាមនោះខ្លួនក៏បានហៅបុគ្គលិកផ្នែកសន្តិសុខឈ្មោះ ស៊ីន ចន្ថា និងបុគ្គលិកផ្នែកគិតលុយឈ្មោះ អឿន យ៉ា ឲ្យឡើងមកជួយពិនិត្យមើលជនរងគ្រោះ ដោយឃើញសភាពមិនស្រួល បុរសជាសន្តិសុខក៏ដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ពេលដឹកទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់ ។
ដោយឡែក បើតាមគ្រួសារនៃសព ស្ត្រីម្នាក់ឈ្មោះ វ៉ាន់ សុផានី ត្រូវជាកូនបង្កើតរបស់សព បានប្រាប់ថា ឪពុករបស់ខ្លួនមានជំងឺលើសឈាមប្រចាំកាយដោយលេបថ្នាំលើសឈាមជាប់ជាប្រចាំ ហើយឪពុកមិនដែលបានរស់នៅជួបជុំគ្នាជាមួយកូនៗទេ គឺគាត់ជួលផ្ទះនៅតែឯង លុះមកដល់កើតហេតុ រូបនាងបានទទួលព័ត៌មានពីសន្តិសុខហាង«អ័រគីដេ» មកថា ឪពុករបស់ខ្លួនបានស្លាប់បាត់ហើយនៅមន្ទីរពេទ្យលោកសង្ឃ រូបនាងក៏ប្រញាប់ទៅមន្ទីរពេទ្យតែម្ដង ។
បើតាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យនគរបាលបច្ចេក និងទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង (អាចមកពីជំងឺលើសឈាម) ។
បច្ចុប្បន្នសពបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅវត្តនាគវ័ន្ត ៕