វៀតណាម៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដោសារតែអាការៈជម្ងឺចម្លែកមួយបានកើតឡើងភ្លាមៗនៅលើខ្លួនគាត់ បណ្ដាលឲ្យមានឡើងកន្ទួលក្រហមធំៗលើស្បែករាងដូចពងក្រពើ មិនតែប៉ុណ្ណោះវាធ្វើឲ្យគ្រូពេទ្យពុំអាចវាស់សម្ពាធឈាមរបស់អ្នកជំងឺបានទៀតផង ។
តាមប្រភពព័ត៌មានបានឲ្យដឹងបុរសខាងលើមានអាយុ ៣២ឆ្នាំ រស់នៅស្រុកឡុងហូ ខេត្តវីញឡុង ប្រទេសវៀតណាម ដោយឡែកជំងឺចម្លែករបស់គាត់នេះ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតឡើងភ្លាមៗ បន្ទាប់ពីគាត់បានបរិភោគសត្វដួងក្នុងដើមត្នោត ។

ក្រោយពីបានពិនិត្យយ៉ាងត្រឹមត្រូវពីសំណាក់ក្រុមពេទ្យជំនាញនៃមន្ទីរពេទ្យយ្វៀនស៊ឺយ – វីញឡុង ហើយនោះ លទ្ធផលបានរកឃើញថា អ្នកជំងឺពិតជាទទួលរងប្រតិកម្មពីសត្វដួងនោះពិតប្រាកដមែន ដូច្នេះត្រូវតែសង្គ្រោះឲ្យលឿនជាទីបំផុតបើពុំដូច្នោះទេ អ្នកជំងឺអាចស្លាប់បាន ។
គ្រូពេទ្យបានពន្យល់យ៉ាងដូច្នេះថា សត្វដួងដែលរស់នៅ និងស៊ីដើមត្នោត ដូង ជាអាហារនេះ គឺមាននៅក្នុងតំបន់ត្រូពិក នៃទ្វីបអាស៊ី ដោយបច្ចុប្បន្នវាត្រូវបានក្លាយជាចំណីដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនអាស៊ីមួយភាគធំ ព្រោះពួកគេយល់ថាដួងនេះមានផ្ទុកវីតាមីនខ្ពស់បំផុត សម្រាប់ទ្រទ្រង់រាងកាយមនុស្ស ។

ជាការពិតណាស់ សត្វដួងនេះពិតជាមានអាហារូបត្ថម្ភខ្ពស់មែន ជាពិសេសគឺប្រូតេអ៊ីន ដោយគេរកឃើញថាក្នុងសត្វដួង១០០ក្បាលមានផ្ទុកប្រូតេអ៊ីនរហូតដល់ ១៣ក្រាមឯនោះ មិនតែប៉ុណ្ណោះវាក៏មានផ្ទុកកាល់ស្យូម អំបិល រ៉ែ…ផងដែរ ។
ទន្ទឹមគ្នានេះដែរសត្វដួង ក៏មានផ្ទុកនូវសារធាតុពុល ដែលវាបានឆ្លងពីសារធាតុពុលនៃបរិស្ថាន ហើយប្រសិនបើមនុស្សបរិភោគវានោះ មានន័យថា ប្រៀបដូចជាទទួលទានផ្សិតពុលយ៉ាងដូច្នេះដែរ ។

គ្រូពេទ្យបានណែនាំទៀតថា អ្នកជំងឺដែលទទួលរងប្រត្តិកម្មពីសត្វដួង អាចមានអាការៈដូចជា ឡើងកន្ទួលក្រហមលើស្បែក ក្អក ក្អួត រមួលក្រពើ មានអារម្មណ៍ក្ដៅក្រហល់ក្រហាយ រាគ និងដកដង្ហើមខ្លីៗ…ហើយអ្នកដែលងាយនឹងទទួលរងប្រត្តិកម្មនេះគឺអ្នកដែលមានប្រតិកម្មអាឡែរស៊ី គឺកុំទទួលទានឲ្យសោះ ៕

សហការី KBN
ប្រភព៖ zing