ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖
ពេលព្រះមហាក្សត្រនរោត្តម សីហនុ យាងទៅដល់ក្រុងវ៉េ នៃទឹកដីអាណ្ណាម ព្រះចៅបៅ ដាយ និងអគ្គមហេសីណាំផូង បានទទួលស្វាមគន៍ព្រះអង្គយ៉ាងកក់ក្តៅអធិកអធមបំផុត និងរៀបចំពិធីលៀងសោយភោជនន៍យ៉ាងឧឡារិកមួយ ថ្វាយព្រះអង្គទៀតផង។

ព្រះមហាក្សត្រនរោត្តម សីហនុ

 

ព្រះចៅបៅ ដាយ ឈ្មោះដើម ង្វៀនភុក វិញធុយ (Nguyen Phuc Vinh thuy ) កើតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩១៣ នៅទីក្រុងវ៉េ។ ពេលមានអាយុ៩ឆ្នាំ ត្រូវបិតាបញ្ជូនទៅរៀននៅប្រទេសបារាំង តាំងពីថ្នាក់បឋមសិក្សា ដល់វិទ្យាល័យ រហូតបានចូលរៀននៅវិទ្យាស្ថានសិក្សានយោបាយ នៅទីក្រុងបារីស។ ពេលព្រះបិតាព្រះនាម ខាយ យ៉ីង (Khai Dinh) សោយទីវង្គត ព្រះអង្គបានឡើងសោយរាជសម្បត្តិបន្ត នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩២៦ (ក្នុងព្រះជន្ម១៣ឆ្នាំ) ដោយមានព្រះនាមថា ព្រះចៅបៅ ដាយ ។ ក្រោយឡើងសោយរាជសម្បត្តិរួចព្រះអង្គបានវិលត្រឡប់ទៅបន្តការសិក្សានៅប្រទេសបារាំង វិញ រហូតដល់ទទួលសញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយ ទើបត្រឡប់មកគ្រងរាជសម្បត្តិបន្តទៀត។

នៅថ្ងៃទី២០ មីនាឆ្នាំ១៩៣៤ ក្នុងព្រះជន្ម២១វស្សា ព្រះចៅបៅ ដាយ បានរៀបអភិសេកជាមួយម្ចាស់ក្សត្រី ណាំ ផួង ជាកូនស្រីគហបតីម្នាក់ ដែលមានចំណេះដឹងជ្រៅជ្រះ និងរូបសម្បត្តិដ៏ស្រស់ស្អាត។ ក្រោយមក ព្រះចៅបៅ ដាយ មានមហេសី ៣អង្គទៀត។ បន្ទាប់ពីបាត់បង់រាជបល្ល័ង្ក នៅថ្ងៃទី២៥ មេសា ឆ្នាំ១៩៤៥ ដោយសារសង្គ្រាមលោកលើកទី២ ជប៉ុនចូលកាន់កាបឥណ្ឌូចិន មក ទ្រង់បានយាងភៀសព្រះកាយទៅរស់នៅទីក្រុងហុងកុង ចិន និង បារាំង ហើយបានត្រឡប់មកធ្វើជាប្រមុខរដ្ឋប្រទេសវៀតណាមខាងត្បូងពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៤៥ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៥៥ ក៏ត្រូវលោកឧត្តមសេនីយ៍ង៉ោ ឌិនយៀម ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច ក៏ភៀសខ្លួនទៅរស់នៅប្រទេសបារាំងជាថ្មីម្តងទៀត និងបានសោយទិវង្គតនៅក្រុងបារីស ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៩៧ ក្នុងព្រះជន្ម៨៤ វស្សា។

ម្ចាស់ក្សត្រី ណាំ ផួង

ព្រះចៅបៅ ដាយ

ព្រះចៅបៅ ដាយ និងម្ចាស់ក្សត្រី ណាំ ផួង នៅពេលទៅរស់នៅប្រទេសបារាំង

ពេលព្រះមហាក្សត្រសីហនុ យាងទៅដល់ទឹកដីតុងកឹង ព្រះអង្គបានគង់នៅលើរថយន្តបើកដំបូល ទស្សនាទីក្រុងមួយនេះ ដោយមានកងទាហានស្លៀកពាក់ឯកសណ្ឋានពណ៌ក្រហម និងស ប្រដាប់ដោយដាវក្នុងស្រោមជិះសេះអមជុំវិញទៀតផង។ លុះដល់ពេលល្ងាច ឩត្តមនារីហ្សង់ ដឺគូ អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន ក៏បានរៀបចំពិធីលៀងសោយភោជន៍មួយនៅក្នុងឩទ្យានដ៏ស្រស់ស្អាតមួយ ដោយមានការសម្តែងរបាំអូប៉េរ៉ា ថ្វាយជាកិតិ្តយសដល់ព្រះអង្គទៀតផង៕