រាជធានី​ភ្នំពេញ ៖ លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​ចេញ​សារ​ស្វាគមន៍​ចំពោះ​វត្តមាន នៃ​ការ​អញ្ជើញ​មក​ដល់​របស់​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​ថ្មី របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​បំណង​មេត្រីភាព និង​សហប្រតិបត្តិការ រវាង​ប្រជាជាតិ​ទាំង​ពីរ ។

បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​លោក ផៃ ស៊ី​ផា​ន បាន​បញ្ជាក់​ថា « រាជរដ្ឋាភិបាល​នៅ​តែ​បង្ហាញ​ជំហរ​យ៉ាង​មុតមាំ ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​អា​មេ​រិ​ក​។ កិច្ចសហការ​ជិត​ស្និទ្ធ និង​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជាតិ​ទាំង​ពីរ​នេះ នៅ​តែ​បង្ហាញ​ភាព​សកម្ម និង​ជិត​ស្និទ្ធ​ជា​ច្រើន​វិស័យ ដូច​ក្នុង​វិស័យ​ដោះ​មីន និង​វិស័យ​អប់រំ កសិកម្ម បេ​តិក​ភ័​ណ្ឌ និង​រួម​គ្នា​ប្រឆាំង​អំពើ​ភេរវកម្ម​ជាដើម​។

កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​វត្តមាន​នៃ​ការ​អ​ញ្ជើ​ម​មក​ដល់​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត Patrick Muphy ជា​តំណាង​ប្រជាជាតិ​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​។ វត្តមាន​នេះ នៅ​តែ​បង្ហាញ​បំណង​មេត្រីភាព និង​សហប្រតិបត្តិការ​រវាង​ប្រជាជាតិ​ទាំង​ពីរ ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​អធិបតេយ្យភាព​ជា​រួម​។

ផ្លែផ្កា​នៃ​បេសកកម្ម​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​នេះ គឺជា​បំណង​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ក្នុង​ដំណើរការ​នៃ​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជាតិ​ទាំង​ពីរ​។ ផលប្រយោជន៍ និង​ទស្សនៈ​យល់​ឃើញ​របស់​អ្នក​សិក្សា​ស្រាវជ្រាវ ដែល​បាន​លើក​ឡើង​នៅ​សន្និសីទ​សារព័ត៌មាន​នោះ គឺ​គ្រាន់តែ​ជា​សិទ្ធិ​នៃ​ការ​បញ្ចេញយោបល់ មិនមែន​ជា​ជំហរ​របស់​រាជរដ្ឋាភិបាល​ឡើយ ។

អង្គភាព​អ្នកនាំពាក្យ សូម​ស្វាគមន៍ និង​ប្រសិទ្ធិ​ពរ​ជ័យ​ជូន​ឯកឧត្តម​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា​» ។

សូម​ជម្រាប​ថា លោក​ឯកអគ្គរដ្ឋទូត​ថ្មី Patrick Murphy និង​ភរិយា​របស់​ខ្លួន បាន​មក​ដល់​ប្រទេស​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​ផ្តើម​ការងារ​របស់​ខ្លួន​នៅ​កម្ពុជា ជំនួស​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ផុត​អាណត្តិ លោក William A. Heidt ។

បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ បានអោយ​ដឹង​ថា «​នៅ​ព្រឹក​មួយ នៃ​ព្រឹក​ដំបូង​របស់​លោក នៅ​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត Murphy និង​បុគ្គលិក​ស្ថានទូត បាន​ទៅ​វត្ត​គល់​ទទឹង សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ដើម្បី​គោរព​ដល់​ដូនតា បុព្វការី​ជន​ទាំងអស់ ។ លោក​ឯកអគ្គរដ្ឋទូត មាន​កិត្តិយស​យ៉ាង​ធំធេង ដោយ​បាន​ជួប​ព្រះ​តេជគុណ គូ សុភាព ហើយ​បាន​ទទួល​ពរ​ពី​លោក​សម្រាប់​ឆ្នាំ​ខាង​មុខ » ៕