ថៃ ៖ មរណភាព​របស់​តារា​ម៉ូ​ដែល​ថៃ​ដ៏​ល្បីល្បាញ​គឺ​នាង lunlabelle.thitim កាលពី​ថ្ងៃ​ទី ១៧ ខែកញ្ញា ធ្វើ​ឲ្យ​មហាជន មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ព្រោះ​ស្មាន​មិន​ដល់​ថា ត្រឹមតែ​រយៈពេល​មួយប៉ប្រិចភ្នែក​នាង​បែរជា​ស្លាប់ ទាំង​វ័យក្មេង ដោយ​ការ​ស្លាប់​របស់​នាង​ត្រូវ​គេ​សង្ស័យ​ថា មាន​គេ​បញ្ច្រកថ្នាំ​សម្រើប និង​ផឹកស្រា​ហួស​កម្រិត រហូត​បណ្តាល​ឱ្យ​គាំងបេះដូង ។

សូម​រម្លឹក​ថា តារា​ម៉ូ​ដែល​ថៃ​ដ៏​ល្បីឈ្មោះ​មួយ​រូប​សង្ស័យ​ស្លាប់​ដោយសារ​គេ​ដាក់​ថ្នាំ​សម្រើប​ហួស​កម្រិត និង​ផឹកស្រា​ច្រើន​ពេក ។ តារា​ម៉ូ​ដែល​នាង Lunlabelle Thitima ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​បន្ទប់​ខុន​ដូ ហើយ​នៅ​ពេល​មុន​ស្លាប់​នោះ គេ​បាន​មើល​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ឃើញ​មាន​បុរស​ម្នាក់​បាន​គ្រា​នាង​ចូល​បន្ទប់​ខុន​ដូ ទាំង​មាន​សភាព​បាត់បង់​ស្មារតី​ទៅ​ហើយ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ សមត្ថកិច្ច​ថៃ​ក៏​កំពុង​បើក​ការ​ស៊ី​ប​អង្កេត​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ស្វែងរក​ការ​ពិត នៃ​មរណភាព​របស់​នាង ។

បើ​តាម​សារព័ត៌​ថៃ​បាន​ចុះ​ផ្សាយ​ថា ពេល​នេះ​សមត្ថកិច្ច​បាន​អញ្ជើញ ឪពុក​ម្តាយ​នារី​រង​គ្រោះ និង​គូស្នេហ៍​របស់​នាង រួម​និង​អ្នក​ពាក់ព័ន្ធ ចំនួន​៣​នាក់​ផ្សេង​ទៀត មក​បន្ត​សាកសួរ ដើម្បី​ស៊ើបសួរ​កំណត់​មុខសញ្ញា​ថ្មី ដោយ​សមត្ថកិច្ច​ផ្អែក​លើ​នាឡិកាដៃ​ឆ្លាត​វៃ​ដែល​នារី​រង​គ្រោះ​ពាក់ បើ​តាម​ការ​សន្និដ្ឋាន​បាន​មក​ពី​នាឡិកា​នោះ​ថា តារា​ម៉ូ​ដែល​ខាងលើ​នេះ អាច​ស្លាប់​កន្លែង​ផ្សេង នៅ​មុន​ពេល​មក​ដល់​ខុន​ដូ ដែល​ជា​កន្លែង​ដែល​គេ​ប្រទះ​ឃើញ​នាង​ដេក​ស្លាប់​នោះ ។

ជាមួយ​គ្នា​នោះ​ដែរ សមត្ថកិច្ច​ក៏​បាន​កំណត់​មុខសញ្ញា​ថ្មី​ទៀត​ថា ជនសង្ស័យ​ដែល​ធ្វើ​អោយ​តារា​ម៉ូ​ដែល​ស្រី​នេះ​ស្លាប់ មិនមែន​មាន​មនុស្ស​ម្នាក់​នោះ​ទេ គឺ​មាន​រហូត​ដល់​១០​នាក់ ក្នុង​នោះ មាន​ប្រុស​៥​នាក់ និង​ស្រី​៥​នាក់ ។ ថ្វីបើ​អាច​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​ថ្មី​ទាំងនេះ​បាន ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ចាប់​ជន​ដៃដល់ បាន​នៅឡើយ​ទេ ដោយ​ក្នុង​ចំណោម​មុខសញ្ញា​ថ្មី​ទាំងនោះ មាន​អ្នកខ្លះ​បាន​រត់គេច​ខ្លួន​ផង​ដែរ ៕
ភ្ញាក់ផ្អើល! តារាម៉ូដែលថៃដ៏ល្បីល្បាញ ស្លាប់ទាំងក្មេងខ្ចី ខណៈដែលមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ