រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ទេស​រដ្ឋមន្ត្រី ឱម យិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​កន្លង​ទៅ បាន​ចេញ​លិខិតស្នើ​សុំ​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២) យឹ​ម ឡា​លី ប្រធាន​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស នៅ​ខេត្ត​ព្រះ​សីហ​នុ ចូល​បំភ្លឺ​ពាក់ព័ន្ធ​ករណី​យក​លុយ​លើស​ពី​ច្បាប់​កំណត់​ចំនួន​១១,១៩៥​ដុល្លារ ពី​ក្រុមហ៊ុន​កាស៊ីណូ ស៊ឹង ឈឹង កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៩ ទោះជា​យ៉ាងណា​ចំនួន​លើស​នេះ លោក​ផ្កាយ​២ បាន​បដិសេធ​ថា មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ច្បាប់​ទេ ។

បើ​តាម​លិខិត​របស់ ACU បាន​បញ្ជាក់​ថា ការ​ស្នើ​សុំ​ការ​បំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ទោ យឹ​ម ឡា​លី ប្រធាន​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​នៅ​ខេត្ត​ព្រះ​សីហ​នុ នេះ​ធ្វើ​ឡើង​បន្ទាប់​ពី អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ទទួល​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ទី ២៩ ខែសីហា ឆ្នាំ​២០១៩ និង​បាន​ប្រជុំ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩​កន្លង​ទៅ ​។

អង្គហេតុ​នៃ​ការ​ប្តឹង​នៅ​ក្នុង​លិខិត​កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ទោ យឹ​ម ឡា​លី ប្រធាន​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​នៅ​ទីតាំង ក្រុមហ៊ុន កាស៊ីណូ ស៊ឹង ឈឹង ស្ថិត​នៅ​សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

នៅ​ពេល​ចុះ​ទៅ​ពិនិត្យ ស​ត្ថ​កិច្ច​រក​ឃើញ​ជនបរទេស​គ្មាន​ប័ណ្ណ​ការងារ​ចំនួន ៥៧​នាក់ និង​មានការ​ផាកពិន័យ​ចំនួន ៣​ចំណុច សរុប ជា​ទឹកប្រាក់ ៨,៨០៥​ដុល្លារ ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ទោ យឹ​ម ឡា​លី ប្រធាន​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ប្រាក់ ចំនួន ២០,០០០​ដុល្លារ ពី​ក្រុមហ៊ុន កាស៊ីណូ ស៊ឹង ឈឹង ដែល​លើស​ពី​ច្បាប់​បាន​ចំណត់​រហូត​ទៅ​ដល់ ១១,១៩៥​ដុល្លារ ។

ពាក់ព័ន្ធ ករណី​នេះ លោក​ឧត្តមសេនីយ៍ទោ យឹ​ម ឡា​លី ប្រធាន​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ ធ្លាប់​បាន​ចេញ​លិខិត​ជម្រាប​ជូន ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ថា ក្រុមការងារ​របស់​លោក​ពិតជា​ទទួល​បាន​លុយ​ចំនួន​២​ម៉ឺន​ដុល្លារ ពី​ក្រុមហ៊ុន កាស៊ីណូ ស៊ឹង ឈឹង ប្រាកដ​មែន ។

លោក​ឧត្តមសេនីយ៍ទោ យឹ​ម ឡា​លី ទទួលស្គាល់​ថា លុយ​ចំនួន ១១,១៩៥ ដុល្លារ​ដែល​លោក​យក​ពី​ក្រុមហ៊ុន កាស៊ីណូ ស៊ឹង ឈឹង នោះ​គឺជា​លុយ​លើស​ពី​ច្បាប់​កំណត់​មែន ប៉ុន្តែ​លុយ​នេះ គឺ​ខាង​ក្រុមហ៊ុន កាស៊ីណូ ឲ្យ​ក្រុមការងារ​របស់​លោក​សម្រាប់​ដោះស្រាយ​លើ​ការ​ចំណាយ​ផ្សេង​ៗ ។

លោក​អះអាង​ថា ការ​ទទួល​ទឹកប្រាក់​ទាំង​២​ម៉ឺន​ដុល្លារ​នោះ គឺ​ធ្វើ​ឡើង​នៅ​ចំពោះ​ក្រុមការងារ​ទាំងអស់ ហើយ​ក្រុមការងារ គឺ​បាន​ឯកភាព​ទទួលយក​ទាំងអស់​គ្នា នេះបើ​តាម​លោក​ផ្កាយ​២ យឹ​ម ឡា​លី ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២២ កញ្ញា ម្សិលមិញ​នេះ ។

ឧត្តមសេនីយ៍ទោ យឹ​ម ឡា​លី បន្ថែម​ថា ទោះជា​យ៉ាងណា​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​នីតិវិធី​ឡើយ ហើយនឹង​ចូល​ទៅ​បំភ្លឺ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ស​ប្ដា​ហ៍​នេះ ប៉ុន្តែ​មិន​ទាន់​បាន​កំណត់ពេល​ជាក់លាក់​នៅឡើយ​ទេ ។ ដោយ​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​ទាន់​ដឹង​ថ្ងៃ​ណា​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ចូល​ទៅ​បំភ្លឺ​ក្នុង​ស​ប្ដា​ហ៍​ក្រោយ នៅ​ពេល​ដែល​រៀបចំ​ឯកសារ​ហើយ​» ៕