ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន លោកហ្គោជេ ដែលទើបមកកាន់តំណែងជាទេសាភិបាលជាន់ខ្ពស់ថ្មីៗ នៅព្រះរាជាណាចក្រកម្ពុជា ជាមនុស្សពោរពេញដោយភាពស្រមើស្រមៃ និងដាច់ខាតបំផុត ក្នុងការយិតយោងលើកតម្កើងព្រះមហាក្សត្រនរោត្តម សីហនុ នោះ បានរៀបចំគម្រោង៣ចំណុចសម្រាប់ព្រះមហាក្សត្រ និងសម្រាប់គ្រប់គ្រងប្រទេសកម្ពុជា គឺ៖

ទី១ រៀបចំឲ្យមានព្រះរាជដំណើររបស់ព្រះមហាក្សត្រជុំវិញប្រទេស តាមបណ្តាខេត្តមួយចំនួន និងនៅតំបន់ព្រៃភ្នំ ដែលកម្រមានមនុស្សទៅដល់ ដូចជានៅភ្នំក្រវាញ ជាដើម រួចហើយឆ្លងកាត់តាមទឹកដីកូសាំងស៊ីន អាណ្ណាម រហូតដល់តុងកឹង ព្រមទាំងឆ្លងចូលប្រទេសលាវ ពីខាងជើង មកខាងត្បូង គឺពីសៀងក្វាង លួងប្រាបាង វៀងច័ន្ទ និងមកដល់ប៉ាក់សេ ទើបត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង។

ទី២ គឺកំណែទម្រង់មួយកញ្ចប់ធំ ក្នុងនោះមានជាអាទិ៍ ៖ ធ្វើរូមាំងភាវូមនីយកម្ម អក្សរសាស្ត្រខ្មែរ (អក្សរខ្មែរត្រូវដូរឲ្យប្រើជាអក្សររូមាំង ដូចអក្សរវៀតណាម វិញ) ការផ្លាស់ប្តូរប្រពៃណី ទំនៀមទម្លាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ខែចេត្រ ដែលត្រូវធ្វើនៅពាក់កណ្តាលខែមេសា ជារៀងរាល់ឆ្នាំនោះ ឲ្យមកធ្វើនៅថ្ងៃទី១ ខែមករា ដោយយកតាមឆ្នាំសាកលវិញ។

https://1.bp.blogspot.com/-D-EV7Qs_37c/XYhMEmt3TeI/AAAAAAAAOhs/JHfoQ33hwTk_r-Hm6I0GCGInvXd-31-fQCLcBGAsYHQ/s1600/photo_2019-09-23_11-30-13.jpg
ព្រះមហាក្សត្រ នរោត្តម សីហនុ និងមន្រ្តីជាន់ខ្ពស់បារាំងព្រះមហាក្សត្រ នរោត្តម សីហនុ និងមន្រ្តីជាន់ខ្ពស់បារាំង

ទី៣ គម្រោងរៀបចំអភិសេកព្រះមហាក្សត្រនរោត្តម សីហនុ ជាមួយកូនស្រីគហបតីខ្មែរម្នាក់ ដែលមានការរៀនសូត្រចេះដឹងខ្ពង់ខ្ពស់ ដើម្បីឲ្យក្លាយជាព្រះមហេសីប្រកបដោយកិត្តិយសឧត្តុង្គឧត្តម ដូចព្រះចៅបៅ ដាយ ដែលបានរៀបអភិសេកជាមួយកូនស្រីគហបតីវៀតណាមម្នាក់ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ និងមានរូបសម្រស់ដ៏ស្រស់ស្អាត ឈ្មោះម៉ារី តេរ៉េស ង្វៀន ហ៊ុយធីឡាយ វ័យ២០ឆ្នាំ ( ពេលនោះព្រះចៅបៅ ដាយ អាយុ២១ឆ្នាំ) ដែលបានធ្វើឡើងនៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៣៤ នៅទីក្រុងវ៉េ ។ ក្រោយពីបានរៀបអភិសេករូច ម៉ារី តេរ៉េស ង្វៀន ហ៊ុយធីឡាយ ក៏បានដូរឈ្មោះជាម្ចាស់ក្សត្រី ណាំ ផួង វិញ។

https://1.bp.blogspot.com/--87CtSiB-D0/XYhME6LzmkI/AAAAAAAAOh0/SkdFXepz4h8CAvEYeLBMRrIDrFKe0OX8ACLcBGAsYHQ/s1600/photo_2019-09-23_11-30-15.jpg
វិទ្យាស្ថាន ពុទ្ធសាសនាបណ្ឌិត្យ កាលក្នុងទសវត្សរ៍ឆ្នាំ១៩៣០

យុទ្ធសាស្ត្រទី១ នៃព្រះរាជដំណើរដ៏វែងឆ្ងាយនោះ លោកហ្គោជេ បានតាមដង្ហែព្រះមហាក្សត្រ នរោត្តម សីហនុ ជាប់ជានិច្ច ទាំងព្រះរាជដំណើរតាមរថយន្ត តាមកាណូត ដោយមានកងទ័ពបារាំងមួយក្រុមតូច ដឹកនាំដោយលោកហ្គាស្ត្រុង ប៉ារ៉ូត៍ និងលោកប៊យសុន ជាអង្គរក្សផ្ទាល់របស់ព្រះអង្គ ព្រមទាំងលោកហ្គាហ្សា ដាំង ជានាយកផ្នែកព័ត៌មានរបស់ព្រះអង្គ និងលោកវេជ្ជបណ្ឌិតរីស្ហ និងមន្ត្រីខ្មែរ ដែលនៅខេត្តដែលព្រះអង្គ យាងឆ្លងកាត់នោះ បាននាំគ្នាដង្ហែព្រះរាជដំណើរព្រះអង្គ រហូតផុតពីទឹកដីដែលពួកគេគ្រប់គ្រង។

ពេលទៅដល់តំបន់ព្រៃភ្នំ ជ្រោះជ្រងជ្រលងដងអូរ ដែលមានព្រៃស្រោងខ្ពស់ៗ ព្រះអង្គត្រូវគង់លើរទេះគោ លើខ្នងសេះ លើខ្នងដំរីដោយប្រថុយប្រថាយក្នុងគ្រោះថ្នាក់ម្តងៗដែរ ពិសេសការជិះលើខ្នងដំរីនេះ ធ្វើឲ្យ លោកប៊យសុន និងលោកវេជ្ជបណ្ឌិតរីស្ហ ភ័យខ្លាចបំផុត ដោយលោកទាំងពីរសុខចិត្តចុះដើរលើដីវិញ ប្រសើរជាង។

https://1.bp.blogspot.com/-7aue7cCXJ84/XYhMExcsolI/AAAAAAAAOhw/MggOcAnqeqU8hT7t6Xocd3JqjJs5JR5rACLcBGAsYHQ/s1600/photo_2019-09-23_11-30-13%2B%25282%2529.jpg
ទិដ្ឋភាពទីក្រុងភ្នំពេញ កាលពីទសវត្សរ៍ឆ្នាំ១៩៣០ មើលពីលើយន្តហោះ

ប្រជារាស្ត្រខ្មែរដែលរស់នៅតាមតំបន់ព្រៃភ្នំទាំងនោះ នាំគ្នាមកចោមរោមក្រាបថ្វាយបង្គំ និងនាំយកផ្លែឈើផ្សេងៗជាតម្វាយ និងថ្វាយព្រះពរដល់ព្រះអង្គដោយចិត្តស្រលាញ់ស្មោះស្ម័គ្របំផុត ហើយព្រះអង្គក៏បានចែកព្រះរាជអំណោយជាអង្គរ អំបិល ថ្នាំពេទ្យ និងសម្លៀកបំពាក់ដល់ប្រជារាស្ត្រដ៏ក្រលំបាកតោកយ៉ាកទាំងអស់នេះវិញដែរ។

ព្រះអង្គបានចេញដំណើរពីខេត្តពោធិ៍សាត់ ឆ្លងកាត់ជួរភ្នំក្រវាញ កាត់តាមព្រៃភ្នំឆ្ពោះទៅដល់ខេត្តកោះកុង។ បន្ទាប់មកទៀត ក៏ចូលទឹកដីកូសាំងស៊ីន ដែលប្រជារាស្ត្រខ្មែរនៅទីនោះ នាំគ្នាមកចោមរោមឱបព្រះអង្គហាក់ដូចជាមិនចង់ឲ្យយាងទៅណាឆ្ងាយពីពួកគេ ទាល់តែលោកទេសាភិបាលបារាំងឈ្មោះហូហ្វែល ដែលចេះនិយាយភាសាខ្មែរស្ទាត់ជំនាញ បង្ខំចិត្តចូលទៅបំបែក ទើបពួកគេលែងព្រះកាយព្រះអង្គវិញ។

លុះពេលយាងទៅដល់ក្រុងវ៉េ នៃទឹកដីអាណ្ណាម ព្រះចៅបៅ ដាយ និងអគ្គមហេសីណាំ ផូង បានទទួលស្វាមគន៍ព្រះអង្គយ៉ាងកក់ក្តៅអធិកអធមបំផុត និងរៀបចំពិធីលៀងសោយភោជនន៍យ៉ាងឧឡារិកមួយ ថ្វាយព្រះអង្គទៀតផង៕

https://1.bp.blogspot.com/-m3aWJ62s9oI/XYhMFXkAFwI/AAAAAAAAOh4/IHRIq_o_eRMmkIIQN74IV5HLUKFC7wPOQCLcBGAsYHQ/s1600/photo_2019-09-23_11-35-04.jpg
ព្រះមហាក្សត្រ នរោត្តម សីហនុ ឯកសណ្ឋានជានាយទាហាន ស័ក្តិ២ព្រះមហាក្សត្រ នរោត្តម សីហនុ ឯកសណ្ឋានជានាយទាហាន ស័ក្តិ២