សៀមរាប ៖ ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​បូព៌ា​អាស៊ី​មួយ​គ្រឿង ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ឃាត់​ក្នុង​ករណី​ដឹក​ជញ្ជូន​សត្វព្រៃ​ខុសច្បាប់ ​។

រថយន្ត​ដឹក​សត្វព្រៃ​ទម្ងន់​២៣២​គីឡូក្រាមនេះ ​ចេញពី​ខេត្តសៀមរាប ហើយ​​ចាប់​បាន​នៅ​ភូមិ​ស្លាក​ក្រាញ់ ឃុំ​សំព្រោ​ជ ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី​២២ ​ខែកញ្ញា ​ឆ្នាំ​២០១៩ ។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ង​ន វុន​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិសាត់ ជា​អ្នកបើកបរ​រថយន្ដក្រុង ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-២៤១៧ ជា​របស់​ក្រុមហ៊ុន​បូព៌ា​អាស៊ី ដឹក​អ្នកដំណើរ ។

បើ​តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​នេះ​ដោយ​មានការ​សម្របសម្រួល​ពី​លោក​អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ទោ ឃុន ប៊ុ​ន​ហូ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ។

សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង​មាន​ដូច​ជា សត្វ​អណ្តើក​សកល​ចំនួន​២៨​ក្បាល ស្មើនឹង​១៧៩ គីឡូក្រាម​, សត្វ​ពស់​ចាន់​ល្មម​ ចំនួន​៨២​ក្បាល ស្មើនឹង​៤៥​គីឡូក្រាម និង​សត្វ​ទន្សង​ចំនួន​៤​ក្បាល ស្មើនឹង​៨​គីឡូក្រាម ។

ក្រោយ​ធ្វើ​កំណត់ហេតុ​រួច វត្ថុ​តាង​សត្វព្រៃ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទោង ចំណែក​វត្ថុ​តាង​រួម​មាន​រថយន្ត​និង​អ្នកបើកបរ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ៕