ខេត្តកណ្ដាល៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ង ប្រើហិង្សាដោយចេតនា និងគំរាមសម្លាប់ ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១ និង ៣០នាទី ត្រង់ចំណុចកើតហេតុ ៖ ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៩ ។
ជនរងគ្រោះឈ្មោះ ទ្រី សារ៉ន ភេទប្រុស អាយុ៣៧ឆ្មាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ មុខរបរ លក់ដូរ ។ ចំណែកជនសង្ស័យឈ្មោះ កែវ សេរីរ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិប្រធាតុ(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ចិញ្ចឹមមាន់និងលក់សាច់គោ ។
ជនរងគ្រោះ និងជនសង្ស័យ គឺជាមិត្តភក្ដិជាមួយគ្នា ហើយធ្លាប់ស្នាក់នៅផ្ទះជាមួយគ្នាទៀត។
មុនពេលកើតហេតុ ជនសង្ស័យជិះម៉ូតូមកដល់ក្នុងផ្ទះជនរងគ្រោះ ហើយបានកម្មង់ទិញសាច់គោ តែជនរងគ្រោះពុំទទួលទេ ដោយសារជនសង្ស័យ ជំពាក់ប្រាក់ខ្លួនសង មិនទាន់អស់នៅឡើយ ទើបធ្វើឲ្យពួកគេទាស់ពាក្យសម្ដីគ្នា រហូតឈានដល់ជនសង្ស័យ រត់ទៅយកកាំបិតចុងស្រួច នៅលើគ្រែក្បែរម៉ូតូ មកដេញចាក់ជនរងគ្រោះ តែពុំត្រូវ ក៍បានយកដុំថ្ម និងមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះ ត្រូវចំដៃ។
ពេលនោះអ្នកជិតខាង និងប្រពន្ធជនរងគ្រោះចូលមកឃាត់ តែជនសង្ស័យ ពុំស្ដាប់ឡើយ ហើយថែមទាំងបានស្រែកគំរាមសម្លាប់ ប្រពន្ធជនរងគ្រោះទៀត បន្ទាប់មកក៏ជិះម៉ូតូចេញទៅបាត់តែម្ដង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកស្ដី ឲ្យជួយអន្តរាគមន៍ ចុះស្រាវជ្រាវ រហូតនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការ តាមនីតិវិធី៕

https://1.bp.blogspot.com/-YBFqNnNmknI/XYg8a9fn5OI/AAAAAAAAOew/mMMHmPGjTmUkvly8Ayhliw-96NdkTiF1wCLcBGAsYHQ/s1600/photo_2019-09-23_10-02-19.jpg

https://1.bp.blogspot.com/-8gBMxZhWf7w/XYg8a9BzR3I/AAAAAAAAOeo/MF5b05m27vkskJ6T1Lt_5hQnMI1Vs_59gCLcBGAsYHQ/s1600/photo_2019-09-23_10-02-20.jpg